ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដាក់ឱ្យប្រើដោយឥតគិតលុយពេញ១ខែ ចាប់ពីថ្ងៃទី០១ តុលាតទៅ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូននិងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) អនុញ្ញាតឲ្យសាធារណជនបើកបរយានយន្តលើផ្លូវល្បឿនលឿនរយៈពេល ១ខែ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ខែតុលា ឆ្នាំ២០២២។ ការផ្តល់ជូននេះគឺ ដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់ផ្លូវល្បឿនលឿនដល់សាធារណជនឲ្យបានទូលំទូលាយ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្ងៃទី២៧ ខែកញ្ញានេះយានយន្តដែលអនុញ្ញាតឲ្យបើកបរលើផ្លូវល្បឿនលឿនរួមមាន៖ រយយន្តគ្រប់ប្រភេទដែលមានល្បឿនអតិបរមាលើសពី ៧០គ.ម/ម៉ោង (កំណត់ពីរោងចក្រ) និងទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី៥០០CCឡើងទៅ។
ចំពោះគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅក្រុងព្រះសីហនុដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) គឺជាផ្លូវល្បឿនលឿនដំបូងបង្អង់នៅកម្ពុជានិងជាផ្លូវដែលតម្រូវឲ្យបង់ប្រាក់សម្រាប់ការប្រើប្រាស់លើផ្លូវនេះ។
ជាមួយគ្នានេះ ក្រសួងសាធារណការនិងដឹកជញ្ជូនក្រើនរំលឹកដល់សារណជន ឲ្យចូលរួមគោរពបទបញ្ជានិងការណែនាំនានាឲ្យបានខ្ជាប់ខ្ជូន ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពនិងបង្ការគ្រោះថ្នាក់ដោយយថាហេតុចំពោះការប្រើប្រាស់ផ្លូវល្បឿនលឿន។ក្នុងករណីមិនអនុវត្តតាមផែនការ ក្រសួងសាធារណការនិងដឹកជញ្ជូន អាជ្ញាធរមានសមត្ថកិច្ចនិងប្រតិបត្តិការផ្លូវល្បឿនលឿន និងចាត់វិធានការតាមផ្លូវច្បាប់ព្រមទាំងមានសិទ្ធិបដិសេធមិនអនុញ្ញតឲ្យបុគ្គលណាមួយប្រើប្រាស់ផ្លូវល្បឿនលឿននេះ៕