ស្ថាប័នទេសចរណ៍ពិភពលោកមួយ ផ្តល់ជំនួយគាំទ្រស្តារវិស័យទេសចរណ៍កម្ពុជា
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក បានសន្យាផ្តល់ជំនួយបច្ចេកទេសជួយរៀបចំគណនីរណបទេសចរណ៍ ដើម្បីវាស់វែងអត្ថប្រយោជន៍សេដ្ឋកិច្ចពីវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងអនុញ្ញាតឲ្យក្រសួងទេសចរណ៍កម្ពុជា ប្រើប្រាស់ប្រព័ន្ធមូលដ្ឋានធានាចីរភាពក្នុងសេវាកម្មសណ្ឋាគារសម្រាប់គាំទ្រដល់ការស្តារវិស័យទេសចរណ៍នៅកម្ពុជា។
ការសន្យាផ្តល់ជំនួយនេះ ធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ស្យូលា ស៊ីមផ៍សុន ប្រធាននិងជានាយិកាប្រតិបត្តិក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក ដែលក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក នឹងជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅទីផ្សារអឺរ៉ុប និងទីផ្សារសំខាន់ៗផ្សេងទៀត រួមទាំងផ្តល់កិច្ចសហការលើការអភិវឌ្ឍទេសចរណ៍ឌីជីថល ក៏ដូចជាអក្ខរកម្មឌីជីថលផងដែរ។
ជំនួបពិភាក្សាការងារដែលធ្វើឡើង កាលពីថ្ងៃទី២៧ ខែកញ្ញាកន្លងទៅ នាឱកាសដែលឯកឧត្តម ថោង ខុន ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 និងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ (World Tourism Day 202) នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី នោះ ប្រធានក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក បានចែករំលែកបទពិសោធ និងសារសំខាន់នៃការអភិវឌ្ឍទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ជាពិសេសក្នុងបរិបទកូវីដ-១៩ ដែលនិន្នាការទេសចរណ៍មានការកើនឡើងគួរឲ្យកត់សម្គាល់។
លោកស្រី ស្យូលា ស៉ីមផ៍សុន បានកត់សម្គាល់អំពីការចូលរួមដ៏សំខាន់របស់វិស័យទេសចរណ៍ក្នុងសេដ្ឋកិច្ចកម្ពុជា។ បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក វិស័យទេសចរណ៍និងធ្វើដំណើរកម្ពុជាមុនវិបត្តិកូវីដ១៩ ឆ្នាំ២០១៩ ចូលរួមក្នុងផលិតផលក្នុងស្រុកសរុប (GDP) ជាង២៥%។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចណ៍ ក៏បានឱ្យដឹងដែរថា ក្នុងដំណើរការស្តារនិងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍កំពុងសហការជាមួយផ្នែកឯកជន និងភាគីពាក់ព័ន្ធអនុវត្តផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២០-២០២៥ យ៉ាងសកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រយៈពេល៩ខែ ដើមឆ្នាំ២០២២នេះ ទេសចរអន្តរជាតិដែលមកទស្សនានៅកម្ពុជាអាចឈានដល់ ១.២លាននាក់ ក្នុងកំណើន ៥០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕