ម្ចាស់អាជីវកម្មផលិតផលខ្មែរ កុំភ្លេចចូលរួមតាំងពិព័រណ៍ផលិតក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៩ នៅព្រះសីហនុ
Posted by -
Phoung Somphors
Published on -
7/10/2022 10:29 PM

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ នាឱកាសពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ រយៈពេល៣ថ្ងៃ ក្នុងយុទ្ធសាស្ត្រជួយជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យមានការទទួលស្គាល់និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេស។ កម្មវិធីនេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នៅខេត្តព្រះសីហនុ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ការរៀបចំពិព័រណ៍នេះមានគោលបំណងពញ្ញាក់ស្មារតីសាធារណជនទូទៅ ឲ្យងាកមកគាំទ្រនិងប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានច្រើនជាអតិបរមា។ ជាពិសេស ក្រសួងពាណិជ្ជកម្មនឹងប្រមូលកៀរគរផលិតខ្មែរដែលមានគុណភាពខ្ពស់ និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់មានការវេចខ្ចប់បានល្អត្រឹមត្រូវតាមស្តង់ដារផលិតកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេសមកដាក់តាំងបង្ហាញនិងស្វែងរកដៃគូពាណិជ្ជកម្ម។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មអញ្ជើញលោក-លោកស្រី ដែលមានបំណងចូលរួមការតាំងបង្ហាញផលិតផលខ្មែរក្នុងព្រឹត្តិការណ៍នេះឲ្យប្រញាប់រួសរាន់ដាក់ពាក្យចូលរួម ព្រោះចំនួនស្តង់មានកំណត់។ ក្នុងនោះក្រសួងពាណិជ្ជកម្មក៏បានអញ្ជើញសាធារណជនទូទៅឲ្យចូលរួមទស្សនានិងគាំទ្រព្រឹត្តិការណ៍ដ៏សំខាន់នេះផងដែរ។

ចំពោះអ្នកដែលមានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍នេះ សូមទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មដែលស្ថិតនៅជាន់ទីពីរនៃអគារទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១មហាវិធីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញទំព្រមទាំងអាចទំនាក់នងតាមរយៈលេខទូរស័ទ្ធ ៖ ០៩៨ ៨១៨ ១៤៨ / ០៧៧ ៣៣៩ ៤៣៩ / ០១៥ ៥៥៣ ៣៥៥ និងអ៊ីម៉ែល៖ neary86@gmail.com / rithyco@yahoo.com

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236