តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិករក្សាបានកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ ខណៈចិនបាត់បង់កំណើនដោយវិធានការទប់ស្កាត់កូវីដ-១៩
ភ្នំពេញ៖ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកភាគច្រើនរក្សាបានកំណើនសេដ្ឋកិច្ចអាចគ្រប់គ្រងបានក្នុងឆ្នាំ២០២២ ពីការប៉ះទង្គិចដោយសារវិបត្តិកូវីដ-១៩ ខណៈដែលប្រទេសចិនបានបាត់បង់កំណើនសេដ្ឋកិច្ច ដោយសារតែការបន្តវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់មេរោគ។ នេះបើតាមរបាយការណ៍របស់ធនាគារដែលចេញផ្សាយកាលពីថ្ងៃ២៦ ខែកញ្ញាឆ្នាំ២០២២។
បើយោងតាមការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ខែតុលា ឆ្នាំ២០២២ របស់ធនាគារពិភពលោក បានឲ្យដឹងថាកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ត្រូវបានព្យាករណ៍ថា នឹងឡើងដល់ ៥,៣% ក្នុងឆ្នាំ២០២២ ពី ២,៦% ក្នុងឆ្នាំ២០២១។ ដោយប្រទេសចិន ដែលធ្លាប់ឈានមុខគេ ក្នុងការស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញក្នុងតំបន់ត្រូវបានព្យាករណ៍ថា នឹងទទួលបានកំណើនត្រឹមតែ ២,៨% ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះយ៉ាងគំហុកពី៨,១% ក្នុងឆ្នាំ២០២១។
របាយការណ៍ដដែរ បានឲ្យដឹងទៀតថាសម្រាប់តំបន់ទាំងមូល កំណើនត្រូវបានព្យាករណ៍ថានឹងថយចុះមកត្រឹម ៣.២% ក្នុងឆ្នាំ២០២១ មុននឹងស្ទុះឡើងដល់ ៤,៦% វិញនៅឆ្នាំក្រោយ។ដូច្នេះទៅថ្ងៃមុខ សកម្មភាពសេដ្ឋកិច្ចនៅទូទាំងតំបន់អាចចុះខ្សោយវិញ ដោយសារការធ្លាក់ចុះនៃតម្រូវការសកលការកើនឡើងបំណុល និងពឹងផ្អែកលើវិធានការអន្តរាគមន៍សេដ្ឋកិច្ចរយៈពេលខ្លីដើម្បីទប់ទល់នឹងការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។
អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោកស្រី ម៉ានូអែលឡា ហ្វេររ៉ូ បានលើកឡើងថាសេដ្ឋកិច្ចកំពុងតែស្តារស្ថានភាពឡើងវិញ ហើយនៅក្នុងប្រទេសភាគច្រើននៃតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ជាមួយនឹងការត្រៀមខ្លួនសម្រាប់ទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលប្រទេសក្នុងតំបន់គួរតែពិនិត្យដោះស្រាយនូវគោលនយោបាយអន្តរាគមន៍ក្នុងស្រុកដែលជាឧបសគ្គដល់ការអភិវឌ្ឍវែងឆ្ងាយ។
ទន្ទឹមនឹងនេះ កំណើនក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកភាគច្រើន សម្រេចបានអាស្រ័យលើការងើបឡើងវិញនៃតម្រូវការក្នុងស្រុក ក្រោយពីមានការបន្ធូរបន្ថយវិធានការរឹតបន្តឹងជំងឺកូវីដ-១៩ និងដោយសារកំណើននៃការនាំចេញ។ ចំពោះប្រទេសចិនដែលសេដ្ឋកិច្ចមានទំហំប្រហែល ៨៦% នៃទិន្នផលក្នុងតំបន់ បានប្រើប្រាស់វិធានការសុខាភិបាលសាធារណៈតាមគោលដៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគជាលទ្ធផលវាបានបង្កឧបសគ្គដល់សកម្មភាពសេដ្ឋកិច្ចទៅវិញ។
ជាមួយគ្នានេះការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក កំពុងចាប់ផ្តើមធ្វើឲ្យធ្លាក់នូវតម្រូវការសម្រាប់ការនាំចេញរបស់តំបន់នូវទំនិញវត្ថុធាតុដើម និងទំនិញរោងចក្រ រីឯការកើនឡើងអតិផរណានៅបរទេសបានរុញអត្រាការប្រាក់ឲ្យឡើងដែរជាហេតុធ្វើឲ្យមានការហូរចេញមូលធន និងការធ្លាក់ថ្លៃរូបិយប័ណ្ណក្នុងប្រទេសអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកមួយចំនួន។ ការវិវត្តទាំងនេះ បានបង្កើនបន្ទុករបស់សេវាទូទាត់បំណុលនិងបង្រួញលំហសារពើពន្ធ បង្កើនការលំបាកដល់បណ្តាប្រទេសដែលមានបន្ទុកបំណុលខ្ពស់ស្រាប់នៅពេលជំងឺរាតត្បាតមកដល់។
ប្រទេសក្នុងតំបន់ដែលស្វែងរកវិធីការពារគ្រួសារនិងក្រុមហ៊ុន ពីការឡើងថ្លៃខ្ពស់របស់ម្ហូបអាចហារ និងថាមពលវិធានការគោលនយោបាយបច្ចុប្បន្នបាននាំមកនូវភាពធូរស្រាលច្រើន ប៉ុន្តែក៏ធ្វើឲ្យគោលនយោបាយដែលខូចទ្រង់ទ្រាយស្រាប់កាន់តែខូចថែមទៀត។ ចំណែក ការគ្រប់គ្រងលើតម្លៃម្ហូបអាហារនិងការឧបត្ថម្ភដល់ផ្នែកថាមពល ផ្តល់ផលចំណេញដល់អ្នកមានហើយបង្វែរការចំណាយរបស់រដ្ឋាភិបាលចេញពីវិស័យផ្សេងៗវិញ មានផ្នែកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងអប់រំជាដើម។
ចំពោះការអូសបន្លាយភាពអនុគ្រោះមិនចាត់ការតាមបទប្បញ្ញត្តិធនាគារ ដែលមានគោលបំណងសម្រួលការផ្តល់ប្រាក់កម្ចី ក្នុងអំឡុងពេលមានជំងឺរាតត្បាតអាចធ្វើឲ្យគាំងធនធានសម្រាប់ក្រុមហ៊ុនដែលរកស៊ីខាតហើយបង្វែរដើមទុនចេញពីវិស័យ ឬអាជីវកម្មដែលមានសក្តានុពលខ្លាំងទៅវិញ។
លោក Aaditya Mattoo សេដ្ឋវិទូជាន់ខ្ពស់ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃធនាគារពិភពលោក បានលើកឡើងថា អ្នកគោលនយោបាយប្រឈមមុខនឹងថ្នូរដ៏លំបាកមួយរវាងភាពចាំបាច់ដោះស្រាយបញ្ហាអតិផរណានិងការជួយអន្តរាគមន៍ឲ្យសេដ្ឋកិច្ចងើបឡើងវិញ ហើយវិធានការគ្រប់គ្រងនិងការឧបត្ថម្ភ ធ្វើឲ្យតម្លៃព័ត៌មានមានភាពមិនច្បាស់លាស់និងប៉ះពាល់ដល់ផលិតភាព។ ដូច្នេះគោលនយោបាយកាន់តែល្អសម្រាប់ស្បៀងអាហារ ឥន្ធនៈហិរញ្ញវត្ថុ នឹងជួយជំរុញកំណើន និងការពារអតិផរណាបានទៀតផង៕