CDC អនុម័តឲ្យក្រុមហ៊ុនចំនួន៨ បោះទុន ៨៩លានដុល្លារ ក្នុងរាជធានី-ខេត្តចំនួន៥ ដែលបង្កើតការងារជាង៥ពាន់នាក់
Posted by -
Phoung Somphors
Published on -
3/10/2022 4:13 PM

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៨ បោះទុនប្រមាណ ៨៩លានដុល្លារ ដើម្បីបង្កើតរោងចក្រ និងគម្រោងសាងសង់រួមទាំងគម្រោងអភិវឌ្ឍន៍ នៅរាជធានី-ខេត្តចំនួន៥ ដែលអាចបង្កើតការងារបានប្រមាណ ៥៤៣៣កន្លែង។

បើយោងតាម CDC នៅថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៣គម្រោងបង្កើតរោងចក្រ និងគម្រោងសាងសង់ នៅរាជធានីភ្នំពេញ។ មានក្រុមហ៊ុន Orienda International Hospital Co., Ltd បោះទុនវិនិយោគប្រមាណ ២១លានដុល្លារគម្រោងសាងសង់អាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន ១១៧គ្រែ ដែលស្ថិតនៅផ្លូវដួងងៀប២ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញដែលអាចបង្កើតការងារបានចំនួន ១៧៨កន្លែង។

ចំណែកក្រុមហ៊ុន New World Heart &Vascular Hospital Co., Ltd បោះទុនវិនិយោគចំនួន ២០លានដុល្លារគម្រោងសាងសង់អាជីវកម្មមន្ទីរពេទ្យបេះដូងនិងសរសៃឈាមចំនួន ៣០០គ្រែដែលស្ថិតនៅផ្លូវលេខ ១៩៣៤ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ និងអាចបង្កើតការងារបានប្រមាណ ៣៤៨កន្លែង។ រីឯក្រុមហ៊ុន Cobest (Cambodia) First Garment Co., Ltd បោះទុនវិនិយោគ ៥,១លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលស្ថិតនៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញដែលអាចបង្កើតការងារបានចំនួន ១៦៥០កន្លែង។

ទន្ទឹមនឹងនេះគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៥គម្រោងបង្កើតរោងចក្រ និងគម្រោងអភិវឌ្ឍន៍ នៅខេត្តចំនួន៤ ផ្សេងៗគ្នា។ក្នុងនោះមានក្រុមហ៊ុន Try Pheap Koh Tunsay Resorts Co., Ltd បោះទុនវិនិយោគប្រមាណ ១៧លានដុល្លារ គម្រោងអភិវឌ្ឍន៍កោះត្បាល់ដែលស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលអាចបង្កើតការងារបានប្រមាណ១០៥កន្លែង។

ចំពោះ ក្រុមហ៊ុន Global Pass Biotechnology Co., Ltd បោះទុនវិនិយោគចំនួន ៧,២លានដុល្លារ គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលស្ថិតនៅភូមិព្រែកដូងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងអាចបង្កើតការងារបានប្រមាណ ១៣២កន្លែង។ចំណែកក្រុមហ៊ុន Yura Harness (Cambodia) Co., Ltd បោះទុនវិនិយោគប្រមាណ  ៦,៨លានដុល្លារគម្រោងបង្កើតរោងចក្រផ្គុំដំឡើងខ្សែគ្រឿងអេឡិចត្រូនិក ដែលស្ថិតនៅភូមិទួលធ្នង់សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានចំនួន ៥១៤កន្លែង។

រីឯក្រុមហ៊ុន Rise Steady Footwear Material (Cambodia) Co., Ltd បោះទុនវិនិយោគប្រមាណ ៦,៥លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើងដែលស្ថិតនៅភូមតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលអាចបង្កើតការងារបានចំនួន៥៤៨កន្លែង។ ជាមួយគ្នានេះ ក្រុមហ៊ុន TWHQ Garments Co., Ltd បោះទុនវិនិយោគចំនួន៥,៤លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលស្ថិតនៅផ្លូវជាតិលេខ៨ ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល និងអាចបង្កើតការងារបានប្រមាណ ១៩៥៨កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236