ក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើកម្មវិធីវាស់គុណភាពសេវាទូរស័ព្ទនិងល្បឿនអ៊ីនធឺណិត ដោយមិនគិតលុយ
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) ស្នើឲ្យសាធារណជនទាំងអស់ចូលរួមប្រើប្រាស់កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរស័ព្ទនិងល្បឿនអ៊ីនធឺណិត “MPTC Speed Test” ដោយឥតគិតថ្លៃចាប់ពេលនេះតទៅ។ កម្មវិធីនេះ មានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរស័ព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទនិងល្បឿនអ៊ីនធឺណិតនេះ ក្នុងករណីដែលការវាស់ស្ទង់បង្ហាញលទ្ធផលថា គុណភាពសេវាទូរស័ព្ទឬអ៊ីនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយមិនអាចប្រើប្រាស់បានអ្នកប្រើប្រាស់អាចរាយការណ៍ទៅកាន់និយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈទូរស័ព្ទ Hotline ៦៧៨៩ ឬផ្ញើសារទៅកាន់អ៊ីម៉ែល៖ qos@trc.gov.kh ដើម្បីប្តឹងតវ៉ា និងរកដំណោះស្រាយបាន។
ចំពោះការទាញយក (Download) កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរស័ព្ទ និងល្បឿនអ៊ីនធឺណិតមកប្រើប្រាស់លោកអ្នកគ្រាន់តែវាយពាក្យ “MPTC Speed Test” លើ App Store និង Play Store ឬស្កេន QR Code ជាការស្រេច។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដាក់ឲ្យប្រើប្រាស់កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរស័ព្ទ និងល្បឿនអ៊ីនធឺណិត “MPTC Speed Test” ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាពនិងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពនៃការប្រើប្រាស់។សម្រាប់លទ្ធិផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយសំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ឲ្យកាន់តែប្រសើរ៕