ការពង្រឹងហិរញ្ញវត្ថុប្រកបដោយចីរភាពនិងការទទួលខុសត្រូវក្នុងតំបន់អាស៊ាន
Posted by -
Phoung Somphors
Published on -
5/10/2022 9:37 AM

ភ្នំពេញ៖ អង្គការអុកស្វាមធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចពិភាក្សាស្តីពី «ការពង្រឹងហិរញ្ញវត្ថុប្រកបដោយចីរភាពនិងការទទួលខុសត្រូវក្នុងតំបន់អាស៊ាន»ដើម្បីផ្តល់ធាតុចូលលើរបកគំហើញនិងអនុសាសន៍សំខាន់ៗនៅក្នុងរបាយការណ៍រួម FFA-GRAISEA  ដែលមានឈ្មោះថា “Harvesting Inequality” ឬផលប៉ះពាល់ក្នុងសង្គមនៃការវិនិយោគរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងវិស័យកសិពាណិជ្ជកម្មនៅអាស៊ី។

នាយិកាអង្គការអុកស្វាម ប្រចាំនៅកម្ពុជា លោកស្រីភាណ សោភ័ណ បានលើកឡើងថា អង្គការអុកស្វាមស្វាគមន៍ការចូលរួមរបស់អ្នកជំនាញជាន់ខ្ពស់មកពីរដ្ឋាភិបាលធុរកិច្ច និងសង្គមស៊ីវិលនៅក្នុងកិច្ចពិភាក្សាពាក់ព័ន្ធនេះ ដែលផ្តោតលើបញ្ហាហិរញ្ញវត្ថុប្រកបដោយចីរភាពនិងមានលក្ខណៈយេនឌ័រក្នុងវិស័យពាណិជ្ជកម្ម។

បើយោងតាមរបាយការណ៍ “Harvesting Inequality” ៩៩,៨% នៃកម្មករជាស្ត្រីក្នុងវិស័យកសិពាណិជ្ជកម្មកម្ពុជាស្ថិតក្នុងស្ថានភាពក្រៅប្រព័ន្ធគឺពួកគេមិនអាចទទួលបានផលប្រយោជន៍ និងការការពារក្រោមច្បាប់ការងារនោះទេ។ ដូច្នេះ ពួកគេកាន់តែងាយទទួលរងទៅនឹងភាពក្រីក្ររ៉ាំរ៉ៃប្រាក់ឈ្នួលទាប ជំងឺ គ្រោះថ្នាក់ការងារ ការកេងប្រវ័ញ្ចនិងការអនុវត្តប្រកបដោយគ្រោះថ្នាក់ក្នុងសង្គមផ្សេងៗទៀតជាច្រើន។

អាស្រ័យហេតុនេះ អង្គការអុកស្វាមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា វិស័យកសិពាណិជ្ជកម្មនិងគ្រឹះស្ថានហិរញ្ញវត្ថុធានាថា សិទ្ធិស្ត្រីដែលជាកសិករ និងកម្មករនិងជនដែលងាយរងគ្រោះដទៃទៀតទទួលបានការការពារក្រោមច្បាប់ការងារ។

លោកស្រី Bernadette Victorio ប្រធានកម្មវិធីហិរញ្ញវត្ថុយុទ្ធធម៌អាស៊ី (FFA) បានឲ្យដឹងថាការស្រាវជ្រាវរបស់ FFA បង្ហាញថាធនាគារមិនបានខិតខំធ្វើការឲ្យបានគ្រប់គ្រាន់ដើម្បីលើកកម្ពស់សិទ្ធិមនុស្សសិទ្ធិស្ត្រី និងសិទ្ធិការងារក្នុងវិស័យកសិពាណិជ្ជកម្មនៅតំបន់អាស៊ីឡើយ។ចាប់ពីខែមករា ឆ្នាំ ២០១៦ដល់ខែធ្នូ ឆ្នាំ២០២០ ការសិក្សារកឃើញថាកសិពាណិជ្ជកម្មធំជាងគេចំនួន ១២៥ របស់អាស៊ានទទួលបានទឹកប្រាក់ចំនួន ២២,៦ពាន់លានដុល្លារ ពីគ្រឹះស្ថានហិរញ្ញវត្ថុសកលនិងក្នុងតំបន់ ខណៈដែល ៩០% នៃកសិពាណិជ្ជកម្មទាំងនេះមិនបានយកចិត្តទុកដាក់លើបញ្ហានានាដែលទាក់ទងនឹងការអនុវត្តការងារមិនត្រឹមត្រូវបញ្ហាតម្លាភាព និងគណនេយ្យភាព និងសមភាពយេនឌ័រនោះឡើយ។

លោកស្រី Bernadette Victorio បន្តថា​ ការស្រាវជ្រាវដដែរនេះបានរកឃើញថា គ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៥៤ កំពុងធ្វើសកម្មភាពនៅក្នុងប្រទេសអាស៊ីទាំង ១៣ ទទួលបានពិន្ទុជាមធ្យម ២ ក្នុងចំណោម ១០ចំពោះសមភាពយេនឌ័រ សិទ្ធិមនុស្ស សិទ្ធិការងារ តម្លាភាព និងគណនេយ្យភាពផ្អែកលើលក្ខណវិនិច្ឆ័យដែលបានកំណត់ដោយវិធីសាស្ត្រអន្តរជាតិនៃមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយយុត្តិធម៌(FFGI)។

ចំពោះ រដ្ឋាភិបាលអាស៊ាននិងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវតែប្តេជ្ញាចិត្តនៅក្នុងគោលនយោបាយនិងការអនុវត្តជាក់ស្តែងដើម្បីគោរពនិងលើកស្ទួយអនុសញ្ញាសិទ្ធិមនុស្ស អន្តរជាតិនិងនិយាមសកលស្តីពីសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិស្ត្រី។

ប្រធានកម្មវិធីលើកកម្ពស់យេនឌ័រនិងការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យកសិពាណិជ្ជកម្មតំបន់អាស៊ីអាគ្នេយ៍ (GRAISEA) លោក Ashley Aarons បានលើកឡើងថាវិស័យកសិពាណិជ្ជកម្មនៅអាស៊ីមានសារៈសំខាន់ជាសារវ័ន្តចំពោះការរីកចម្រើននៃសេដ្ឋកិច្ចជីវភាពប្រាក់ចំណូល និងសន្តិសុខស្បៀងតំបន់អាស៊ី ព្រោះជាងមួយភាគបីនៃកម្លាំងការងារនៅកម្ពុជាប៉ាគីស្ថាន និងវៀតណាម និងជិតពាក់កណ្តាលនៃកម្លាំងការងារនៅឥណ្ឌា និងមីយ៉ាន់ម៉ាធ្វើការក្នុងវិស័យកសិកម្ម ព្រៃឈើ និងនេសាទ។

លោក Ashley Aarons បន្តថាវិស័យទាំងនេះជាវិស័យដែលមានកសិករខ្នាតតូចប្រមាណ ៣៥០លាននាក់ ដែល ៨០% ផលិតផលិតផលម្ហូបអាហារក្នុងតំបន់នេះ។ កសិករភាគច្រើនក្នុងចំណោមកសិករជាស្ត្រីរួមចំណែកចំពោះសេដ្ឋកិច្ច សង្គម និងគ្រួសារ ត្រូវបានគេមើលរំលងនិងមិនផ្តល់តម្លៃឲ្យដោយសារតែការរើសអើងពាក់ព័ន្ធនឹងយេនឌ័រ ច្បាស់ណាស់ថា ផលិតភាពកំណើន និងនិរន្តរភាពនៃវិស័យកសិពាណិជ្ជកម្មរបស់អាស៊ីអាស្រ័យលើការអនុម័ត ការអនុវត្តនិងពង្រឹងគោលនយោបាយមិនត្រឹមតែលើកកម្ពស់ការអនុវត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវនោះទេថែមទាំងការពារសិទ្ធិរបស់កសិករជាស្ត្រីផងដែរ។

គួរបញ្ជាក់ផងដែរថាសេចក្តីសង្ខេបគោលនយោបាយដែលបានកែសម្រួលនេះនឹងត្រូវបានដាក់ជូនកម្ពុជាដែលជាប្រធានអាស៊ាននៅពេលខាងមុខនេះនិងសម្រាប់ការពិចារណាដោយប្រទេសឥណ្ឌូនេស៊ីដែលនឹងត្រូវធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ  ២០២៣ ដើម្បីផ្តល់អាទិភាពដល់ការពន្លឿនហិរញ្ញវត្ថុប្រកបដោយចីរភាពនិងការទទួលខុសត្រូវក្នុងតំបន់ដោយបង្កើនការពិចារណាអំពីលក្ខណវិនិច្ឆ័យសង្គមនិងយេនឌ័រ និងផលប៉ះពាល់នានាដែលអាចកើតមាន។

សមាសភាពអ្នកចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាខាងលើរួមមាន ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការផែនការវិនិយោគកសិកម្មអភិវឌ្ឍន៍ជនបទបរិស្ថាន និងធនធានទឹក នៃរដ្ឋសភាកម្ពុជា និងឯកឧត្តម ម៉ី វ៉ាន់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាអគ្គលេខានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ និងឯកឧត្តម ឈុន ហាក់ អគ្គនាយកសមភាពយេនឌ័រនិងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រសួងកិច្ចការនារី។

សូមបញ្ជាក់ថា កិច្ចពិភាក្សានេះធ្វើឡើងកាលពីថ្ងៃទី២៩ ខែកញ្ញាកន្លងទៅ ដែលគាំទ្រដោយសម្ព័ន្ធហិរញ្ញវត្ថុយុទ្ធិធម៌អាស៊ី (FFA) និងកម្មវិធីលើកកម្ពស់យេនឌ័រ និងការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យពាណិជ្ជកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍ (GRAISEA)។ កិច្ចពិភាក្សាដដែរនេះមានការចូលរួមពីតំណាងមកពីរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងសង្គមស៊ីវិលដែលផ្តោតលើការផ្តល់ធាតុចូលលើរបកគំហើញក្នុងរបាយការណ៍ សម្រាប់ធ្វើសំយោគនិងកែលម្អគោលនយោបាយហិរញ្ញវត្ថុប្រកបដោយចរីភាព និងមានលក្ខណៈយេនឌ័រសម្រាប់អាស៊ានខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236