ក្រុមហ៊ុន៤ CDC ឲ្យវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅស្វាយរៀងនិងព្រះស៊ីហនុក្នុងទំហំទន់ជិត២៤លានដុល្លារ
ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៤ បោះទុនប្រមាណ ២៣,៩លានដុល្លារ សម្រាប់បង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ ដែលអាចបង្កើតការងារបានប្រមាណ ២៩០០កន្លែង។
បើយោងតាម CDC កាលពីថ្ងៃទី២៩ ខែកញ្ញាកន្លងទៅ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៣ បង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង។ ក្នុងនោះមានក្រុមហ៊ុន Home Style living Co., Ltd បោះទុនវិនិយោគ ប្រមាណ ៦,៦លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងពូកគ្រប់ប្រភេទដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀងនិងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។
ចំណែក ក្រុមហ៊ុន Green Link Electric Co., Ltd បោះទុនវិនិយោគចំនួន ៥,៥លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀងនិងអាចបង្កើតការងារបានប្រមាណ ១៥០០កន្លែង។ រីឯ ក្រុមហ៊ុន Rainbow lighting Co., Ltd បោះទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលម្អរ និងគ្រឿងបង្គុំអំពូលភ្លើងដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀងអាចបង្កើតការងារបានចំនួន ១៧០កន្លែង។
ចំពោះក្រុមហ៊ុន MCL Handbag Factory(Cambodia) Company Limited បោះទុនវិនិយោគប្រមាណ ៦,៥លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនិងអាចបង្កើតការងារបានប្រមាណ ៨៥០កន្លែង៕