រដ្ឋាភិបាល រៀបចំផ្តល់ប្រាក់ឧបត្ថម្ភដល់ជនងាយរងគ្រោះ ក្នុងស្ថានភាពអតិផរណាកើនឡើង
ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចដាក់ឲ្យដំណើរការ«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា»។ កម្រិតប្រាក់ឧបត្ថម្ភ យន្តការ នីតិវិធី និងកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។
ការចុះហត្ថលេខារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើសេចក្តីសម្រេចឲ្យដំណើរកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលធ្វើឡើងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ គឺការកំណត់អត្តសញ្ញាណអ្នកទទួលបានការឧបត្ថម្ភសាច់ប្រាក់ ត្រូវបានបង្កើតជាយន្តការកំណត់អត្តសញ្ញាណគ្រួសារងាយរងគ្រោះ ដែលរស់នៅកម្ពុជា ដោយប្រើប្រាស់យន្តការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមការស្នើសុំ ដែលមានស្រាប់។ ចំណែកយន្តការ និងនីតិវិធីលម្អិតនៃការកំណត់អត្តសញ្ញាណគ្រួសារងាយរងគ្រោះ នឹងត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តិដោយឡែក។
កិច្ចការងារនេះ រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូនក្រសួងផែនការ ដើម្បីដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការរៀបចំ និងកំណត់អត្តសញ្ញាណគ្រួសារងាយរងគ្រោះនៅទូទាំងប្រទេស។ ដោយ ក្រសួងផែនការមានមន្ទីរផែនការរាជធានី ខេត្ត ជាសេនាធិកាសម្រាប់ការដឹកនាំ សម្របសម្រួល និងគាំទ្រកិច្ចដំណើរការអត្តសញ្ញាណកម្មគ្រួសារងាយរងគ្រោះ ដែលសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។
ចំពោះ ការបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារងាយរងគ្រោះ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនមូលនិធិជាតិជំនួយសង្គម ទទួលបន្ទុកជាប្រតិបត្តិករ ក្នុងការគ្រប់គ្រង ដោយប្រើប្រាស់យន្តការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានស្រាប់ក្រោមកិច្ចសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។
ទន្ទឹមនឹងនេះ រាល់ការចំណាយលើការកំណត់អត្តសញ្ញាណគ្រួសារងាយរងគ្រោះ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងគ្រោះ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ត្រូវផ្តល់ហិរញ្ញប្បទានដោយថវិការដ្ឋតាមរយៈមូលនិធិហិរញ្ញប្បទានគាំពារសង្គម ស្របតាមនីតិវិធីជាធរមាន៕