សម្តេច ហ៊ុន សែន៖ «រដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ច»
ភ្នំពេញ៖ សម្តេច ហ៊ុន សែនមានប្រសាសន៍ថា រដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ច។ ដូច្នេះ ធនធានមនុស្សដែលបានបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានឧត្តមសិក្សានានា មួយផ្នែកធំត្រូវបានវិស័យឯកជនទទួលយកទៅធ្វើការ ដែលត្រូវបានជួយដោះស្រាយបញ្ហាអត់ការងារធ្វើរបស់និស្សិត។ ចំណែក ម្ខាងទៀតដើម្បីការរីកចម្រើនរបស់ក្រុមហ៊ុនផ្ទាល់ខ្លួន។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២កន្លងទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា មានមនុស្សមួយចំនួននិយាយថា ការរីកចម្រើនរបស់ក្រុមហ៊ុនផ្ទាល់ខ្លួន ជាផលប្រយោជន៍របស់វិស័យឯកជនគឺត្រឹមត្រូវ។ ប៉ុន្តែ អ្នកមិនត្រូវភ្លេចនូវចំណងទាក់ទងរវាងវិស័យឯកជនជាមួយនឹងសង្គមនោះទេ។ វិស័យឯកជនរីកធំធាត់កាលណានឹងជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស តាមរយៈការដោះស្រាយការងារនិងតាមរយៈការបង់ពន្ធ។
«វិស័យឯកជនរីកចម្រើនកាន់តែខ្លាំងការបង់ពន្ធកាន់តែច្រើន ហើយការដែលបានប្រាក់ពីការបង់ពន្ធនោះ នឹងជួយឲ្យរដ្ឋាភិបាលមានលទ្ធភាពទទួលបានប្រាក់យកទៅវិនិយោគ ធ្វើផ្លូវត្រល់ ប្រឡាយទឹកសាលារៀន មន្ទីរពេទ្យ និងតម្លើងប្រាក់បៀរវត្សន៍ដល់មន្ត្រីរាជរបស់យើង»។ នេះជាប្រសាសន៍របស់ម្តេច ហ៊ុន សែន៕