រដ្ឋភិបាល កំណត់ពលរដ្ឋដែលងាយរងគ្រោះពីសម្ពាធអតិផរណា ដើម្បីផ្តល់ប្រាក់ឧត្ថម្ភជួយសង្គ្រោះ
Posted by -
Phoung Somphors
Published on -
12/10/2022 1:04 PM

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឲ្យដំណើការ«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងគ្រោះហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា» ដែលជាកម្មវិធីជំនួយដល់សង្គម និងជួយសម្រួលដល់ប្រជាជនពីការកើនឡើងខ្ពស់នៃអតិផរណាមួយគ្រា។ ការផ្តល់ជូននេះសម្រាប់ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅទូទាំងប្រទេស ដែលត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់និងត្រឹមត្រូវ តាមរយៈការធ្វើកិច្ចសម្ភាសតាមទូរស័ព្ទ ឬអាជ្ញាធរមូលចុះទៅផ្ទាល់ រួចវាយតម្លៃជាក់ស្តែង។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ បានសម្រេចផ្តល់ជំនួយថវិកាដល់គ្រួសារងាររងគ្រោះដោយសារការកើនឡើងនៃអតិផរណានាពេលបច្ចុប្បន្ន។ ការផ្តល់ជូននេះ ធ្វើឡើងតាមរយៈ ក្រសួងផែនការដែលជាសេនាធិការ នឹងចាប់ផ្តើមកំណត់អត្តសញ្ញាណគ្រួសារងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។

ចំពោះ ការកំណត់អត្តសញ្ញាណគ្រួសារងាយរងគ្រោះនេះ ផ្តោតទៅលើប្រជាជនគោលដៅដែលមានជីវភាពទាប និងមានភាពងាយរងគ្រោះ ដែលមានលក្ខណៈសម្បត្តិឆ្លើយតបទៅនឹងលក្ខខណ្ឌវិនិច្ឆ័យ នៃគ្រួសារប្រជាជនងាយរងគ្រោះនៅទូទាំងប្រទេស នឹងទទួលបានការវាយតម្លៃតាមរយៈការធ្វើកិច្ចសម្ភាសន៍តាមទូរស័ព្ទ និងតាប្លែតដោយអាជ្ញាធរមូលដ្ឋាន និងមានការគាំទ្រពីកម្លាំងស្ម័គ្រចិត្ត ក្រោមការដឹកនាំ និងគ្រប់គ្រងដោយក្រសួងផែនការ និងដោយមានការសម្របសម្រួលពីក្រុមប្រឹក្សាជាតិគាំពារសង្គម។

ចំណែក ភាពងាយរងគ្រោះនៃ«គ្រួសារប្រជាជនងាយរងគ្រោះ» ត្រូវបានកំណត់ដោយផ្តោតលើគ្រួសារ ដែលរស់នៅកៀកនឹងបន្ទាត់នៃភាពក្រីក្រ ដោយរួមបញ្ចូលនៅក្នុងគ្រួសារនោះរួមមាន៖ ជនមានពិការភាព កុមារអាយុក្រោម ២ឆ្នាំ ជនចាស់ជរាមានអាយុចាប់ពី ៦០ឆ្នាំឡើង ស្ត្រីជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី គ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី ១៩-៥៩ឆ្នាំ)។

ជាមួយគ្នានេះ សម្រាប់កម្រិតប្រាក់ឧបត្ថម្ភ យន្តការ នីតិវិធី និងកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះនឹងត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅពេលក្រោយ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236