កម្ពុជា-អារ៉ាប៊ីសាអូឌីត សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ២៦លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០%
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងឆ្នាំ២០២១ កម្ពុជានិងអារ៉ាប៊ីសាអូឌីត សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ២៦លានដុល្លារ កើនឡើងជិត ៤០% ធៀបនឹងឆ្នាំ២០២០ ដែលមានទំហំត្រឹមតែ១៩លានដុល្លារ។ ដោយឡែក ក្នុងឆ្នាំ២០១៩ ពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំងពីរមានទំហំ ១៥,៦លានដុល្លារ និង ១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud រដ្ឋមន្ត្រីក្រសួងកីឡានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរសក្តិ បញ្ជាក់ថា កម្ពុជានាំចេញមុខទំនិញសំខាន់ៗ ទៅអារ៉ាប៊ីសាអូឌីតរួមមាន អង្ករ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក និងផ្លែឈើ។ ចំណែកកម្ពុជានាំចូលមុខទំនិញសំខាន់ៗ ពីអារ៉ាប៊ីសាអូឌីតមកវិញ មានដូចជា ផលិតផលធ្វើពីប្លាស្ទិក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារៈសំណង់ និងផលិតផលដទៃទៀត។
ព្រះអង្គម្ចាស់ Abdulaziz bin Turki Saud បានសម្តែងព្រះទ័យរីករាយដែលបានយាងមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រះអង្គម្ចាស់មានព្រះបន្ទូលថា ដោយទតឃើញពីការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជាហើយ រាជរដ្ឋាភិបាលព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្រេចថានឹងបើកស្ថានទូតប្រចាំនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូត កីឡា អប់រំ និងសេដ្ឋកិច្ចពាណិជ្ជកម្ម ឲ្យមានការកើនឡើងបន្ថែមទៀត។
ជាមួយគ្នានេះ ព្រះអង្គម្ចាស់ មានព្រះរាជបន្ទូលបន្ថែមថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត គ្រោងស្នើសុំរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០ ដោយសង្ឃឹមថា ភាគីកម្ពុជាផ្តល់ការគាំទ្រអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិភពលោកនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានទូលថ្វាយថា នឹងពាំនាំសំណើនេះជូនប្រមុខរដ្ឋាភិបាលពិនិត្យ និងសម្រេច។
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងថា ភាគីកម្ពុជាស្នើភាគីអារ៉ាប៊ីសាអូឌីត ឲ្យពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការកិច្ចសហប្រតិបត្តិការក្នុងទម្រង់ជាអនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីអាចប្រើជាក្របខ័ណ្ឌគតិយុត្តសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម នាពេលអនាគត។ ព្រះអង្គម្ចាស់ Abdulaziz bin Turki Saud បានឆ្លើយតបថា ទ្រង់សន្យាថានឹងពាំនាំសំណើរបស់ភាគីកម្ពុជាទៅជម្រាបជូនដល់ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម អារ៉ាប៊ីសាអូឌីត។
ជំនួបពិភាក្សាការងារនេះធ្វើឡើង ក្នុងឱកាសដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ «មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី៤១» ប្រព្រឹត្តទៅនៅថ្ងៃទី ០១-០៤ ខែតុលាកន្លងទៅ នៅភ្នំពេញ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យកីឡា ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានទូលថ្វាយព្រះអង្គម្ចាស់ និងប្រតិភូថា ក្នុងនាមជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងវ៉ូអ៊ីងកម្ពុជា ឯកឧត្តមតែងតែលើកទឹកចិត្ត និងគាំទ្រការប្រមូលផ្តុំក្រុមកីឡាជម្រើសជាតិហ្វឹកហាត់ ដើម្បីត្រៀមសម្រាប់ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅឆ្នាំ២០២៣ និងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងសម្ភារៈដល់វិស័យកីឡានៅកម្ពុជា ជាពិសេសវិស័យកីឡាទោចក្រយាន ទូកកានូ និងវ៉ូអ៊ីងកម្ពុជា ដើម្បីឲ្យវិស័យកីឡាកាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាព សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាសំខាន់ៗ នាពេលខាងមុខនេះ៕