កម្ពុជា-អូស្រ្តាលី ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី
ភ្នំពេញ៖ ឯកឧត្តម ពេជ ឫទ្ធីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរបស់កម្ពុជា ជួបពិភាក្សាការងារជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងតំបន់ដោយផ្តោតលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ជាមួយនឹងលោកជំទាវ Michelle Chan លេខាធិករងទទួលបន្ទុកអាស៊ីអាគ្នេយ៍ និងដៃគូសាកល នៃក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រាលី កាលពីថ្ងៃទីកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។
នៅទីស្តីការក្រសួងពាណិជ្ជកម្មក្នុងជំនួបទ្វេភាគីកម្ពុជា-អូស្រ្តាលី ឯកឧត្តមរដ្ឋលេខាធិការ ពេជ ឫទ្ធី បានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្ត្រាលីពាក់ព័ន្ធនឹងកិច្ចការប្រកួតប្រជែង និងការការពារអ្នកប្រើប្រាស់រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ក.ប) នៃក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការជាតិកិច្ចការពារអ្នកប្រើប្រាស់(គ.ជ.ក.ប) និងគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែងអូស្ត្រាលី (ACCC) រួមមាន៖ភាពជាដៃគូក្នុងកិច្ចការពារអ្នកប្រើប្រាស់កម្ពុជា-អូស្ត្រាលី (CACPP) ដែលទើបប្រកាសជាផ្លូវការ កាលពីខែកញ្ញា កន្លងទៅនេះ។
ឯកឧត្តម ពេជ ឫទ្ធីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានលើកឡើងពីលទ្ធិផលសំខាន់ៗនៃកិច្ចប្រជុំពិគ្រោះយោបល់អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់លើកទី២៧និងកិច្ចប្រជុំរដ្ឋមន្ត្រីអាសិបលើកទី១ ដែលកភាគីទាំងពីរបានបន្តពិភាក្សាអំពីជំហានបន្ទាប់ក្នុងការសម្រេចបញ្ចប់ការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀង AANZFTA ក្នុងឆ្នាំ២០២២ ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងអាសិបឲ្យបានពេញលេញ។
ជាមួយគ្នានេះ លោកជំទាវ Michelle Chan បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគីក្នុងការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀង AANZFTA ដែលជាសមិទ្ធផលអាទិភាពមួយរបស់កម្ពុជាក៏ដូចជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ក្នុងឆ្នាំ២០២២នេះ។ បន្ថែមពីនេះ លោកជំទាវ Michelle Chan ជំរុញឲ្យក្រសួងពាណិជ្ជកម្មលើកគម្រោងស្នើសុំជំនួយបច្ចេកទេស ដែលមានថវិកាសរុប ៤៦លានដុល្លារអូស្ត្រាលីក្រោមកិច្ចសហប្រតិបត្តិការតំបន់ សម្រាប់កសាងសមត្ថភាពមន្ត្រី និងពង្រឹងស្ថាប័នដែលស្ថិតក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពាណិជ្ជកម្មតំបន់។
ជាការប្តេជ្ញាចិត្តរួមគ្នា ភាគីទាំងពីរបានបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអូស្ត្រាលី ដើម្បីជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ៕