កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ផ្តល់អាហារូបករណ៍អនុបណ្ឌិតសិក្សានៅសាលាលីក្វាន់យូ, សិង្ហបុរី
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយសាលាគោលនយោបាយសាធារណៈលីក្វាន់យូនៃប្រទេសសិង្ហបុរី ប្រកាសជ្រើសរើសបេក្ខភាពអាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅសាលាលីក្វាន់យូសម្រាប់មន្ត្រីរាជការគ្រប់រូបដែលបម្រើការងារនៅតាមក្រសួង-ស្ថាប័ននិងក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈស្របតាមក្របខណ្ឌភាពជាដៃគូ។
បើតាមសេចក្តីជូនដំណឹងរបស់ អ.គ.ហ កាលពីថ្ងៃទី០៣ ខែតុលាកន្លងទៅ ការជ្រើសរើសបេក្ខភាពអាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ ស្ថិតក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ លើមុខជំនាញដូចជា៖ ជំនាញរដ្ឋបាលសាធារណៈ (MPA) សិក្សារយៈពេល១ឆ្នាំ និងជំនាញគោលនយោបាយសាធារណៈ (MPP) សិក្សារយៈពេល ២ឆ្នាំក្នុងគោលបំណងឆ្ពោះទៅកសាងសមត្ថភាពរបស់មន្ត្រីរាជការប្រកបដោយគុណវុឌ្ឍិ។
អត្ថប្រយោជន៍ដែលបេក្ខភាពជាប់អាហាររូបករណ៍ទទួលបានរួមមាន៖ថ្លៃកម្មសិក្សា ប្រាក់អាហាររូបករណ៍ ថ្លៃសំបុត្រយន្តហោះកម្ពុជា-សិង្ហបុរី (ពេលចេញដំណើរ និងបញ្ចប់ការសិក្សា)។ សម្រាប់បេក្ខភាព ដែលជាប់ក្នុងបញ្ជីជ្រើសរើសដំបូង សាលាលីក្វាន់យូនឹងទាក់ទងដោយផ្ទាល់ដើម្បីណែនាំពីការរៀបចំសំណុំឯកសារស្នើសុំអាហាររូបករណ៍ទៅតាមលក្ខខណ្ឌចាំបាច់ ដែលកំណត់ដោយសាលានិងវាយតម្លៃជ្រើសរើសចុងក្រោយ ហើយបេក្ខភាព ដែលជាប់ជាស្ថាពរត្រូវគោរពតាមគោលការណ៍របស់ អ.គ.ហ និងសាលាលីក្វាន់យូ។
ចំណែក លក្ខខណ្ឌជ្រើសរើស បេក្ខភាពត្រូវមានសញ្ជាតិខ្មែរ, ជាមន្ត្រីរាជការក្របខណ្ឌមុខងារសាធារណៈ (មន្ត្រីរាជការដែលបម្រើការងារនៅក្នុងក្របខណ្ឌ នៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួង-ស្ថាប័ន ត្រូវបានផ្តល់អាទិភាពខ្ពស់), មានសញ្ញាបត្របរិញ្ញាបត្រនិងមានពិន្ទុនៃការសិក្សាល្អ, មានបទពិសោធន៍ការងារសម្រាប់ជំនាញ MPA យ៉ាងហោចណាស់ ៥ឆ្នាំ លើការងារពាក់ព័ន្ធនិងជំនាញ MPP យ៉ាងហោចណាស់ ៣ឆ្នាំ លើការងារពាក់ព័ន្ធ,និងពិន្ទុ IELTS ៧.០ ឬ TOEFL ibt ១០០ ឬលិខិតបញ្ជាក់ពីសាកលវិទ្យាល័យអំពីកម្មសិក្សាថ្នាក់បរិញ្ញាបត្ររបស់បេក្ខភាពជាភាសាអង់គ្លេស។
សម្រាប់ឯកសារដែលបេក្ខភាពត្រូវភ្ជាប់មកជាមួយរួមមាន៖វិញ្ញាបនបត្ររដ្ឋបាលចេញដោយក្រសួង-ស្ថាប័ន ឬ ប័ណ្ណសម្គាល់មន្ត្រីរាជការ (ច្បាប់ចម្លង ១ច្បាប់), សញ្ញាបត្រថ្នាក់បរិញ្ញាបត្រភ្ជាប់ជាមួយនឹងប្រព្រឹត្តិបត្រពិន្ទុ (ច្បាប់ចម្លងដោយមានការបញ្ជាក់ ១ច្បាប់), លិខិតបញ្ជាក់ពីសាកលវិទ្យាល័យអំពីកម្មវិធីសិក្សាជាភាសាអង់គ្លេស (ច្បាប់ដើម ១ច្បាប់ ឬលិខិតបញ្ជាក់ពិន្ទុ IELTS ៧.០ ឬ TOEFL ibt ១០០ (ច្បាប់ចម្លង ១ច្បាប់) និងប្រវត្តិរូបសង្ខេប ភ្ជាប់ជាមួយ Motivation Letter ជាភាសាអង់គ្លេស។
បេក្ខភាពដែលមានបំណងចូលរួមកម្មវិធីអាហាររូបករណ៍នេះសូមផ្ញើឯកសារភ្ជាប់ឲ្យបានត្រឹមត្រូវមកកាន់ អ.គ.ហ ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬផ្ញើទៅកាន់អ៊ីម៉ែល admin@pfm.gov.kh ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២៕