រដ្ឋាភិបាលចុះអនុស្សរណៈស្តីពី«គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាឆ្នាំ២០២៣-២០២៧ ជាមួយ GMAC និង ILO-BFC
Posted by -
Phoung Somphors
Published on -
11/10/2022 12:11 PM

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីរៈ តំណាងរដ្ឋាភិបាលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៧» ជាមួយតំណាងសមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងតំណាងអង្គការអន្តរជាតិខាងការងារស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីអ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងភ្ញៀវជាតិ-អន្តរជាតិជាង ៨០រូប ដើម្បីបន្តការសហការគ្នាសំដៅធ្វើឲ្យក្របខណ្ឌការងារកាន់តែប្រសើរសម្រាប់កម្មករនិយោជិក ក្នុងវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ សម្ភារៈធ្វើដំណើរ និងកាបូបតាមរយៈការអនុវត្តច្បាប់ការងារ និងច្បាប់ពាក់ព័ន្ធរបស់កម្ពុជាក៏ដូចជាបទដ្ឋានការងារស្នូលដែលទទួលស្គាល់ជាអន្តរជាតិ លើសុវត្ថិភាពនិងសុខាមាលភាពការងារ។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានឲ្យដឹងថាតាមរយៈការអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មនឹងបទដ្ឋានការងារកម្ពុជាបានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផលសំខាន់ៗរួមមាន សម្លៀកបំពាក់ វាយណភ័នណ្ឌស្បែកជើង និងកាបូបនៅកម្ពុជាពីមួយឆ្នាំ ទៅមួយឆ្នាំកាន់តែច្រើនឡើងៗ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិបន្តថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការមួយរបស់រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងដោយស្មារតីបុរសកម្មនិងទទួលខុសត្រូវខ្ពស់ក្នុងការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោកនិងស្វែររកទីផ្សារនាំចេញថ្មីៗតាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីតំបន់ និងពហុភាគី។ មួយរយៈចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិននិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធជាពិសេសក្រុមការងារក្រសួងពាណិជ្ជកម្ម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ GMAC និង (ILO-BFC) ដែលខិតខំប្រឹងប្រែងរហូតសម្រេចបាននូវអនុស្សរណៈនៃការយោគយល់គ្នានេះ។ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថាបេសកកម្មនេះ ដើរស្របតាមផែនការជាយុទ្ធសាស្ត្រនិងផែនការសកម្មភាពកំណត់ក្រោម «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧»។

គួរបញ្ជាក់ផងដែរថាអនុស្សរណៈនៃការយោគយល់គ្នាស្តីពី«គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៧»នេះជាសមិទ្ធិផលថ្មីមួយទៀតរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មនិងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236