ពលរដ្ឋដែលមិនព្រមសងលុយធនាគារតាមការញុះញង់ជាមុខសញ្ញាដែលធនាគាររឹបអូសទ្រព្យ
ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានលើកទឹកចិត្តឱ្យធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រឹបអូសទ្រព្យសម្បត្តិបុគ្គលដែលមិនព្រមសងប្រាក់តាមការញុះញង់របស់គេ ខណៈពេលដែលសម្តេច ខំស្នើសុំឲ្យធនាគារឬមីក្រូហិរញ្ញវត្ថុយោគយល់ដល់អ្នកជំពាក់ប្រាក់ ដោយសុំកុំធ្វើការរឹបអូស ហើយផ្តល់ការយោគយល់រៀបចំឥណទានសារជាថ្មីអំឡុងពេលកូវីដ-១៩។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា កាលពីថ្ងៃទី០៣ ខែតុលាកន្លងទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖«សូមផ្តាំទៅក្រុមដែលថាកុំសងធនាគារ ឬកុំសងមីក្រូហិរញ្ញវត្ថុ គឺជាមុខសញ្ញនៃការរឹបអូស។ ខ្ញុំលើកទឹកចិត្តឱ្យរឹបអូស ព្រោះអ្នកឯងទៅខ្ចីលុយគេ មានកុងត្រាត្រឹមត្រូវ ហើយអាមុខសញ្ញាដើរខ្សឹបគេដឹងមុខហើយដែលជំពាក់គេប្រញាប់រកលុយសង ប្រយ័ត្នគេរឹបអូស»។ សម្តេចធ្លាប់បានព្រមានម្តងហើយដល់ក្រុមដែលដើរខ្សឹបប្រាប់ប្រជាពលរដ្ឋមិនឱ្យសងបំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុ។
ទាក់ទងនឹងការសងបំណុលធនាគារនេះ សម្តេច ហ៊ុន សែន បានលើកឡើងថា នៅតាមបណ្តាប្រទេសនានាធនាគារបានផ្តល់ប្រាក់កម្ចី ខណៈបណ្តាប្រទេសមួយចំនួននៅលើពិភពលោកកំពុងតែតម្លើងការប្រាក់បន្ថែម។ ប៉ុន្តែ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលកំពុងសុំអង្វរកដល់បណ្តាធនាគារឬមីក្រូហិរញ្ញវត្ថុឲ្យកាត់បន្ថយអត្រាការប្រាក់ជូនប្រជាជនទៅវិញ៕