រដ្ឋាភិបាល អនុម័ត្តឱ្យប្រើគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០
ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារ គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ក្នុងគោលដៅពង្រឹងនិងពង្រីកការផ្តល់សេវាប្រៃសណីយ៍ឱ្យបានទូលំទូលាយប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល សុវត្ថិភាព និងភាពជឿទុកចិត្ត។ គោលនយោបាយនេះ គាំទ្រដល់ការធ្វើពិពិធកម្ម សេវាប្រៃសណីយ៍និងការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍ជាមួយនឹងការជំរុញការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនិងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជាផងដែរ។
គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០មានចក្ខុវិស័យអភិវឌ្ឍវិស័យប្រៃសណីយ៍ និងទីផ្សារសេវាប្រៃសណីយ៍ដើម្បីបម្រើធុរកិច្ចសហគ្រាស និងប្រជាជន ប្រកបដោយប្រសិទ្ធភាព និរន្តរភាពនិងនវានុវត្តន៍ សំដៅចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ដើម្បីសម្រេចបានចក្ខុវិស័យនិងគោលបំណងខាងលើ គោលនយោបាយនេះ បានកំណត់នូវគោលដៅចំនួន ៤ដូចខាងក្រោម៖
១. ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងវិស័យប្រៃសណីយ៍ដើម្បីធានាការលើកកម្ពស់គុណភាពសេវា និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់តាមរយៈការកសាងក្របខណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។
២. ធ្វើទំនើបកម្មសេវាប្រៃសណីយ៍អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រីកបណ្តាញប្រៃសណីយ៍ឱ្យមានវិសាលភាពទូលំទូលាយខិតទៅដល់ប្រជាជន និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសំដៅគាំទ្រការផ្តល់សេវាប្រៃសណីយ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់និងចូលរួមគាំទ្រដល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងសេវាសាធារណៈរបស់រដ្ឋាភិបាលឌីជីថល។
៣. បង្កលក្ខណៈងាយស្រួលដល់វិស័យឯកជនក្នុងការធ្វើអាជីវកម្មក្នុងវិស័យប្រៃសណីយ៍ដឹកជញ្ជូន និងចែកបញ្ញើប្រៃសណីយ៍ដោយជំរុញការប្រកួតប្រជែងដោយសុចរិត ក្នុងក្របខណ្ឌគតិយុត្តច្បាស់លាស់និងការចូលរួមអភិវឌ្ឍឧស្សាហកម្មប្រៃសណីយ៍ ក្រោមរូបភាពនៃការវិនិយោគរបស់វិនិយោគិនក្នុងស្រុក និងក្រៅប្រទេស និងភាពជាដៃគូរវាងរដ្ឋ និងឯកជន។
៤. លើកកម្ពស់តួនាទីរបស់ប្រៃសណីយ៍កម្ពុជាក្នុងការផ្តល់សេវាប្រៃសណីយ៍ជាមួយនឹងការជំរុញការធ្វើពិពិធកម្មសេវាកម្ម និងផលិតផលប្រៃសណីយ៍ នវានុវត្តន៍និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
ទាញយកឯកសារទាំងស្រុង៖ https://mptc.gov.kh/news/29756/