ពន្ធដារប្រមូលចំណូលបានជាង ២៥០លានដុល្លារ ក្នុងខែកញ្ញា ឆ្នាំ២០២២
ភ្នំពេញ៖ ពន្ធដារប្រមូលចំណូលបាន ១ ០២៨,៩៥ ប៊ីលានរៀល (ប្រមាណ ២៥៤,០៦ លានដុល្លារ) ស្មើនឹង ៩,០១ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ សម្រាប់ខែកញ្ញា នៃឆ្នាំ២០២២។ បើធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកញ្ញាឆ្នាំ២០២១ កើនឡើងប្រមាណ ៥២,៤០ លានដុលលារ ដែលស្មើនឹង ២៥,៩៨ ភាគរយ។ នេះបើតាមលទ្ធផលប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកញ្ញានិងសម្រាប់រយៈពេល៩ខែ ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារ ក៏បានបង្ហាញទិន្នន័យប្រមូលចំណូលរយៈពេល៩ខែ នៃឆ្នាំ២០២២ផងដែរ ដោយពន្ធដាររកចំណូលបាន ១០ ៩០៨,១៩ ប៊ីលានរៀល (ប្រមាណ២ ៦៩៣,៣៨ លានដុល្លារ) ស្មើនឹង ៩៥,៥៣ ភាគ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ បានបង្ហាញថា កើនឡើងចំនួន ២ ៣៥១,០៧ប៊ីលានរៀល(ប្រមាណ ៥៨០,៥១លានដុល្លារ) ស្មើនឹង ២៧,៥០ភាគរយ៕