មូលបត្របំណុលប្រភេទសញ្ញាបណ្ណបៃតង ត្រូវបានអនុម័តឱ្យបោះផ្សាយលក់ជាសាធារណៈ
ភ្នំពេញ៖ ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានអនុម័តលើសំណើបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ នូវប្រភេទសញ្ញាបណ្ណបៃតងដំបូងគេនៅកម្ពុជា។ មូលបត្របំណុលប្រភេទនេះត្រូវបានបោះផ្សាយដោយក្រុមហ៊ុន ហ្គោលដេនទ្រី ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា ក្នុងការផ្តល់សេវាជួលអគារការិយាល័យពាណិជ្ជកម្ម គ្រប់គ្រងអគារនិងប្រឹក្សាផ្នែកអចលទ្រព្យ។
ការអនុម័តឲ្យបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈដំបូងគេនៅកម្ពុជានេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារលើកទី១១ ក្រោមអធិបតីភាព ឯកឧត្តម អូនព័ទ្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ កិច្ចប្រជុំលើកទី១១ នេះក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារក៏បានអនុម័តលើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ស្ថាប័នសម្រាប់រយៈពេល ៥ឆ្នាំ (២០២១-២០២៥) របស់និយ័តករមូលបត្រកម្ពុជាផងដែរ។
បើតាមសេចក្តីជូនដំណឹងរបស់និយ័តករមូលបត្រកម្ពុជា ដដែល ការបោះផ្សាយលក់មូលបត្របំណុល ប្រភេទសញ្ញាបណ្ណបៃតងដំបូងនេះគឺបានរៀបចំស្របតាមគោលការណ៍ណែនាំនៃសញ្ញាបណ្ណបៃតងអាស៊ានដែលមានការទទួលស្គាល់ជាសញ្ញាបណ្ណបៃតងអាស៊ាន៕