គយ ពន្យារពេលបង់ពន្ធនិងអាករសម្រាប់រថយន្តចង្កូតស្តាំគ្មានពន្ធដល់ចុងឆ្នាំ២០២២
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ពន្យារពេលបង់ពន្ធនិងអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលបានចុះបញ្ជីរួចរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដោយពិនិត្យឃើញពីស្ថានភាពលំបាកក្នុងរដូវវស្សាដែលប៉ះពាល់ដល់អាជីវកម្មរបស់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានចុះបញ្ជីរួច។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២រថយន្តចង្កូតស្តាំដែលពុំបានបំពេញកាតព្វកិច្ចពន្ធនិងអាករគឺជាមុខសញ្ញានៃការបង្ក្រាបរឹបអូស ដោះជាគ្រឿងបម្លាស់ ឬកំទេចចោលតាមផ្លូវច្បាប់និងបទប្បញ្ញត្តិជាធរមានដោយពុំមានការអនុគ្រោះទៀតឡើយ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួចប៉ុន្តែនៅមិនទាន់បានមកបំពេញកាតព្វកិច្ចពន្ធនិងអាករឲ្យប្រញាប់រួសរាន់ចូលមកបង់ពន្ធនិងអាករនៅតាមបណ្តាអង្គភាពគយនិងរដ្ឋាកររាជធានី-ខេត្តដែលសាមីខ្លួនបានចុះបញ្ជីលើរថយន្តរបស់ខ្លួន ឲ្យបានតាមការកំណត់ដើម្បីជៀសផុតពីការបង្ក្រាបដោយមន្ត្រីគយនិងរដ្ឋាករ មានសមត្ថកិច្ចតាមដងផ្លូវការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណៈជាយថាហេតុ។ ដូច្នេះ ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា៕