សម្តេច ហ៊ុន សែន ស្នើឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ​អនុគ្រោះអ្នករងគ្រោះដោយទឹកជំនន់
Posted by -
Phoung Somphors
Published on -
24/10/2022 9:34 AM

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ ​ផ្តល់នូវការអនុគ្រោះដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ តាមរយៈការពន្យារពេលសងបំណុលការបន្ធូរបន្ថយអត្រាការប្រាក់ ឬតាមរយៈការរៀបចំឥណទានឡើងវិញ។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង៦ពាន់នាក់កាលពីថ្ងៃទី១៧ តុលានេះ។

«សូមយោគយល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលលិចលង់ហើយយើងទៅរឹបអូសផ្ទះសម្បែងរបស់គាត់ តាមកិច្ចសន្យារដើម វាអត់ត្រូវទេ»។ នេះជាការលើកឡើងរបស់សម្តេចហ៊ុន សែន ដោយសម្តេចនាយករដ្ឋមន្ត្រី បានឱ្យធនាគារជាតិរៀបចំការប្រជុំបន្ទាន់មួយជាមួយនឹងម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារហើយសម្តេច អំពាវនាវដោយត្រង់​ទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ ឱ្យចូលរួមសម្រាលបន្ទុកដោយផ្តល់ការអនុគ្រោះដល់ពលរដ្ឋដែលបានខ្ចីឥណទាន ហើយកំពុងទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់។ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ប្រមាណជិត២ម៉ឺនគ្រួសារទទួលបានការឧបត្ថម្ភរយៈពេល ៣ខែ ដែលអាចចំណាយទឹកប្រាក់ជាង ២លានដុល្លារ។

នៅថ្ងៃទី១៩ តុលា ឆ្នាំ២០២២នេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីថ្លែការណ៍រួម ឆ្លើយតបនឹងការស្នើសុំរបស់នាយរដ្ឋមន្ត្រីកាលពីថ្ងៃទី១៧ តុលា ថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាសមាជិកនឹងផ្តល់ការយោគយល់និងអនុគ្រោះចំពោះអតិថិជន ដែលរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ។ ការផ្តល់ជូននេះ​ធ្វើឡើងស្របតាមស្មារតីអង្គប្រជុំរវាងសមាគមទាំងពីរ ជាមួយធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

សេចក្តីថ្លៃការណ៍បានសរសេរទៀតថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងផ្តល់កិច្ចសហការល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជននិងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នឹងពិនិត្យលទ្ធភាពផងដែរក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម្រៃផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬលើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានារបស់អតិថិជន ប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់ស្របតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236