ក្រសួងប្រៃសណីយ៍ ជំរុញឱ្យកូនសិស្សចាប់យកជំនាញ«បច្ចេកវិទ្យាឌីជីថល» ដែលមានឱកាសការងារល្អនិងប្រាក់ខែខ្ពស់
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឲ្យចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល បន្ទាប់ពីជាប់ជាស្ថាពរក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិរួច។ ដោយសព្វថ្ងៃបច្ចេកវិទ្យាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ចនិងការផ្តល់សេវាសាធារណៈ និងសេវាផ្សេងៗទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងយុគ្គសម័យឌីជីថលនេះ។
បើតាមសេចក្តីអំពាវនាវរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២កន្លងទៅ ក្រសួងប្រៃសណីយ៍ ជាសេនាធិការរបស់រដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល បានលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យពិចារណាចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ទទួលបានឱកាសការងារល្អមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារនិងរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាលសេដ្ឋកិច្ច និងសង្គមឌីជីថល។
ទន្ទឹមនឹងនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឲ្យ ទទួលបានជោគជ័យនិងនិន្ទេសល្អក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដែលខិតជិតមកដល់ក្នុងពេលខាងមុខនេះ ព្រមទាំងសង្ឃឹមជឿជាក់ថាបន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតជំនាញ ឬសាកលវិទ្យាល័យសិស្សានុសិស្សនឹងរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យរយៈពេលវែងនិងប្រែក្លាយជាប្រទេសអភិវឌ្ឍន៍នាពេលអនាគត៕