ក្រុមហ៊ុន ប៊ូ យ៉ុង គ្រោងបើកសកលវិទ្យាល័យផ្តោតលើវិស័យ«ពន្ធដារ និង FinTech» នៅកម្ពុជា
Posted by -
Phoung Somphors
Published on -
20/10/2022 11:06 AM

ភ្នំពេញ៖ បណ្ឌិត Lee Joong Keun ប្រធានក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ បានឱ្យដឹងក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា ថា ក្រុមហ៊ុនរបស់លោកនឹងពិនិត្យលទ្ធភាពក្នុងការបើកសកលវិទ្យាល័យដែលផ្តោតទៅលើវិស័យពន្ធដារ​ និង FinTech នៅកម្ពុជា។ ប្រធានក្រុមហ៊ុន រូបនេះមើលឃើញពីតួនាទីស្នូលយ៉ាងចម្បងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាពិសេសផ្នែកពន្ធដាររបស់កម្ពុជា ក៏ដូចជានៅសាធារណរដ្ឋកូរ៉េផងដែរ ដែលបានដើរតួជាសរសរស្តម្ភមួយជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ។

គម្រោងបើកសកលវិទ្យាល័យទាក់ទងនឹងវិស័យហិរញ្ញវត្ថុនេះ ជាការឆ្លើយតបរបស់ប្រធានក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៅចំពោះមុខឯកឧត្តម អូនព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ដែលឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការរីកចម្រើន និងសារសំខាន់នៃវិស័យ Digital ក៏ដូចជា FinTech នៅកម្ពុជា និងបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពលើការវិនិយោគបន្ថែមនិងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវិស័យ FinTech នៅកម្ពុជា។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនប៊ូ យ៉ុង ខ្មែរ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ និងសកម្មភាពមនុស្សធម៌ផ្សេងទៀតផងដែរ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន សង្ឃឹមថាក្រុមហ៊ុន ប៊ូ យ៉ុង នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួនលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងបន្តផ្តល់ការគាំទ្រនិងសហការផ្សេងៗចំពោះក្រុមហ៊ុន ប៊ូ យ៉ុងខ្មែរ (ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី)៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236