ល្បិចឆបោកលួចគណនីតេឡេក្រាម ក្រោមទម្រង់រូបភាពចលនា “Gift74/100 Free Premium”
ភ្នំពេញ៖ នាពេលថ្មីៗនេះមានការប្រើល្បិចលួចយកគណនីតេឡេក្រាម តាមរយៈការបោកបញ្ឆោត ដោយចោរបច្ចេកវិទ្យា (Hackers) អ្នកបោកប្រាស់បានបង្កើតតំណភ្ជាប់ក្លែងក្លាយដោយដាក់រូបភាពមានចលនា (Gif) និងតំណភ្ជាប់ ដែលមើលទៅហាក់ដូចជាសាររបស់ក្រុមហ៊ុនតេឡេក្រាមក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ ដើម្បីលួចយកគណនី។ នេះជាការជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទៅកាន់សាធារណជនដែលប្រើប្រាស់បណ្តាញសង្គមតេឡេក្រាម នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ។
ខាងក្រោមនេះជាឧបាយកលបោកបញ្ជោត និងវិធានការបង្ការដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រាប់ទៅសាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្ន៖
ឧបាយកលបោកបញ្ឆោត៖
ការបោកបញ្ឆោតនេះធ្វើឡើងតាមរយៈការជូនដំណឹងទៅម្ចាស់គណនីតេឡេក្រាមក្រោម ទម្រង់រូបភាពមានចលនា (Gif) ដែលមានពាក្យថា “Gift74/100 Free Premium” ដើម្បីបំពេញព័ត៌មានទទួលបានគណនីប្រើប្រាស់គ្មានដែនកំណត់នៅពេលម្ចាស់គណនីតេឡេក្រាម ចុចលើរូបភាពមានចលនា ឬតំណភ្ជាប់នឹងមានការតម្រូវឱ្យបញ្ចូលព័ត៌មានសំខាន់ៗដូចជា ឈ្មោះ ពាក្យសម្ងាត់គណនី ជាដើម។ បន្ទាប់មកចោរព័ត៌មានវិទ្យា (Hackers) ធ្វើការលួចយកគណនីតេឡេក្រាម។
វិធានការបង្ការ៖
- សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្លំក្រោមទម្រង់រូបភាពមានចលនា (Gif) ដែលមានពាក្យថា “Gift74/100 Free Premium” នៅក្នុងតេឡេក្រាមដើម្បីបំពេញព័ត៌មានទទួលបានគណនីប្រើប្រាស់គ្មានដែនកំណត់ដែលតម្រូវឱ្យមានការចុចទៅលើតំណភ្ជាប់ (Link)។
- ធ្វើការត្រួតពិនិត្យរាល់រូបភាពមានចលនា (Gif) ឬតំណភ្ជាប់នានាឱ្យបានច្បាស់លាស់និងមិនត្រូវចុចបើកមើលឬបញ្ចូលព័ត៌មានសំខាន់ៗតាមការទាមទារ
- បើសិនជាលោកអ្នកបានចុចសូមកុំបំពេញព័ត៌មានអ្វីទាំងអស់ សូមប្តូរលេខសម្ងាត់ និង ចាកចេញ (Sign Out) គ្រប់ឧបករណ៍ទាំងអស់ភ្លាម ជៀសវាងការបាត់បង់គណនី។
សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះអ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយ បច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអ៊ីម៉ែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨ ៕