CDC អនុម័តឲ្យក្រុមហ៊ុនចំនួន១០ បោះទុន ៥៤,៦លានដុល្លារ បង្កើតការងារបានជាង ១១ពាន់កន្លែង
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនចំនួន១០ បោះទុនវិនិយោគបង្កើតរោងចក្រក្នុងទំហំទឹកប្រាក់ប្រមាណ ៥៤,៦លានដុល្លារអាមេរិក ដែលបង្កើតការងារបានជាង ១១ពាន់កន្លែង។ ក្រុមហ៊ុនទាំងនោះគ្រោងបង្កើតរោងចក្រនៅរាជធានីភ្នំពេញខេត្តកណ្តាល តាកែវ ស្វាយរៀង និងខេត្តព្រះសីហនុ។ នេះបើតាមការចុះផ្សាយរបស់ CDC ត្រឹមរយៈពេល៩ ពោលគឺចាប់ពីថ្ងៃទី១២ ដល់ ២១ ខែតុលា ឆ្នាំ២០២២នេះ។
នៅថ្ងៃទី២១ តុលានេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៣ ។ ក្នុងនោះមានក្រុមហ៊ុន CHENG ZHEN YONG INDUSTRY CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើងដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧២៣កន្លែង។ ក្រុមហ៊ុន XIN JIN HUA GARMENT CO.,LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៤១កន្លែង។
ជាមួយគ្នានេះ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន SUCCESSMETAL TECHNOLOGY CO., LTD. គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគដល់ក្រុមហ៊ុន ដើម្បីបង្កើតរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ស៊ីណូ មេធលលីក មេធៀរៀល, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង។
កាលពីថ្ងៃទី១៣ ខែតុលានេះដែរ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បាន អនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបង្កើតរោងចក្រផលិតខ្សែក្រវាត់និងកាបូបគ្រប់ប្រភេទផងដែរ។ ក្នុងនោះមានក្រុមហ៊ុន J-Star Garment (Cambodia) Co., Ltd បោះទុនវិនិយោគប្រមាណ ៥,៨លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានចំនួន ២៣៣៦កន្លែង។ ក្រុមហ៊ុន K5 Industrial Co., Ltd បោះទុនវិនិយោគប្រមាណ ៥,៥លានដុល្លារ បង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទដែលស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលនិងអាចបង្កើតការងារបានប្រមាណ ១៧១៨កន្លែង។
ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី១២ ខែតុលា ក៏បានចុះផ្សាយពីការអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៥ ផ្សេងទៀត ដោយគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការសេដ្ឋកិច្ចពិសេសផងដែរ។ ក្នុងនោះមានក្រុមហ៊ុន Gorgeous Lights Co., Ltd បោះទុនវិនិយោគប្រមាណ៨,១លានដុល្លារ បង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អនិងគ្រឿងបង្គុំរបស់អំពូលលម្អ ដែលស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងអាចបង្កើតការងារបានចំនួន ១០៣៣កន្លែង។
ចំណែក ក្រុមហ៊ុន JT Electronics Co.,Ltd បោះទុនវិនិយោគចំនួន ៥,៤លានដុល្លារបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រនិកគ្រប់ប្រភេទ អំពូលភ្លើងនិងគ្រឿងបង្គុំអំពូលភ្លើង ដែលស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលអាចបង្កើតការងារបានចំនួន ៩៨៣កន្លែង។ រីឯ ក្រុមហ៊ុន Lingbenyang Optoelectronics (Cambodia) Co., Ltd បោះទុនវិនិយោគប្រមាណ ៥,២លានដុល្លារ បង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ខេត្តតាកែវ និងអាចបង្កើតការងារបានចំនួន ១០៣៣កន្លែង។
ព្រមទាំងក្រុមហ៊ុន YiZhou Hong Ri (Cambodia) Co., Ltd បោះទុនវិនិយោគចំនួន ៥,១លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលអាចបង្កើតការងារបានប្រមាណ ៧៤៤កន្លែង។
ចំពោះគណៈគម្មាធិការសេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុន Foreststar Tree Industrial (Cambodia) Co., Ltd បោះទុនវិនិយោគចំនួន ៥,៤លានដុល្លារ បង្កើតរោងចក្រផលិតដើមណូអែល អំពូលភ្លើងលម្អរដើមណូអែលសម្ភារៈគ្រប់ប្រភេទសម្រាប់តុបតែងលម្អរដើមណូអែល និងវត្ថុអនុស្សាវរីយ៍ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហាយ ផាក ខេត្តស្វាយរៀង និងអាចបង្កើតការងារបានចំនួន ៧៦៨កន្លែង៕