រយៈពេល៦ឆ្នាំ ក្រសួងសាធារណការលក់ស្លាកលេខពិសេសនិងពិសេសផ្ទាល់ខ្លួន​ បានជាង៨២លានដុល្លារ
Posted by -
Phoung Somphors
Published on -
24/10/2022 9:34 AM

ភ្នំពេញ៖ រយៈពេល៦ឆ្នាំមកនេះក្រសួងសាធារណការ និងដឹកជញ្ជូន លក់ស្លាកលេខពិសេស និងស្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ២២៥ ១៧១ លេខ ទទួលបានចំណូលសរុបចំនួន ៣២៩ ៦៧២ ៤៩៩ ០០០ រៀល ស្នើនឹងប្រមាណ ៨២៤១៨ ១២៥ ដុល្លារអាមេរិក។

ចំណូលថវិកាដែលលក់បានជាង ៨២លានដុល្លារ ក្នុងរយៈពេល៦ឆ្នាំដោយចាប់ពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២២នេះ ត្រូវបានឱ្យដឹងនៅក្នុងកិច្ចប្រជុំពិភាក្សាប្រចាំខែស្ដីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីរថយន្ត។ កិច្ចប្រជុំដែលដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានគណៈកម្មាធិការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តកាលពីថ្ងៃទី១៨ ខែតុលានេះ មានការចូលរួមពីសមាជិកគណៈកម្មាការអន្តរក្រសួងនិងមន្ត្រីជំនាញអង្គភាពពាក់ព័ន្ធ ដោយរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារលក់លេខចុះបញ្ជីរថយន្ត គិតត្រឹមខែកញ្ញាឆ្នាំ២០២២។

ក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះ ក៏បានលើកពីបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងការអនុវត្តការងារ ដើម្បីជំរុញការលក់លេខចុះបញ្ជីរថយន្តឲ្យកាន់តែមានប្រសិទ្ធិភាពសំដៅប្រមូលចំណូលជាតិឲ្យបានច្រើនថែមទៀតផងដែរ។ ជាពិសេសអង្គប្រជុំពិភាក្សាលើរបាយការណ៍សម្រេចបានទាក់ទងនឹងការលក់លេខចុះបញ្ជីរថយន្តការសិក្សាតម្លៃរក្សាលេខចុះបញ្ជីរថយន្តការស្ទង់មតិប្រជាជនក្នុងការទិញលេខចុះបញ្ជីរថយន្តការផ្តល់មតិយោបល់លើការរៀបចំពិព័រណ៍ខួប៣ឆ្នាំ (២០២០-២០២៣) ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ ទៅកាន់ក្រុមហ៊ុន សហគ្រាស និងប្រជាជនឲ្យយល់ដឹងកាន់តែច្បាស់ពីការចុះបញ្ជីលេខពិសេស និងចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួននិងជំរុញលើកទឹកចិត្តឲ្យមន្ត្រីជំនាញបច្ចេកវិទ្យាពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែប្រសើរសំដៅផ្តល់នូវការអភិវឌ្ឍន៍ថ្មីៗទាក់ទងនឹងសង្គមឌីជីថល។

ដោឡែក យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គិតត្រឹមខែកញ្ញាឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុបចំនួន ៦៤ ៦៣៨ ៩៧០ ៤០០ រៀល កើនឡើងប្រមាណ ៣០%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236