គម្រោងបង្កើតវិទ្យាស្ថាន«ស្រាវជ្រាវម្ហូបអាហារ» រួមចំណែកពង្រឹងគុណភាព សុវត្ថិភាព និងបច្ចេកវិទ្យារបស់ក្រុមហ៊ុនចំណីអាហារធុនតូច-មធ្យម
ភ្នំពេញ៖ ម្រោងបង្កើតវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារ (FTC) នៅកម្ពុជា នឹងចូលរួមចំណែកពង្រឹងសមត្ថភាពប្រកួតប្រជែង ស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យឧស្សាហកម្មចំណីអាហារ។ គ្រោងដែលមានរយៈពេល៥ឆ្នាំនេះ នឹងអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២៣ ដល់ចុងឆ្នាំ២០២៧ និងមានខ្លឹមសារលម្អិតនៃគម្រោងចំនួន៦ចំណុច។ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ នាជំនួបជាមួយនឹងលោក Kim Young Chan នាយកគ្រប់គ្រងគម្រោងនៃវិទ្យាស្ថានគ្រប់គ្រងម្ហូបអាហារកូរ៉េ បានឱ្យដឹងថា គម្រោងដែលបានលេចជារូបរាងនេះ កំពុងរង់ចាំការសម្រេចពីសភាកូរ៉េនៅចុងឆ្នាំ២០២២នេះ។
បើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ របាយការណ៍របស់ភាគីកូរ៉េ បានឲ្យដឹងថា គម្រោងបង្កើតវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារ (FTC) នៅកម្ពុជា មានគោលបំណងពង្រឹងសមត្ថភាពប្រកួតប្រជែងជាសកលនៃឧស្សាហកម្មចំណីអាហារនិងពង្រឹងសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកែច្នៃចំណីអាហារតាមរយៈការសាងសង់មជ្ឈមណ្ឌលកែច្នៃចំណីអាហារកម្ពុជា។
ចំពោះ គោលដៅរយៈពេលវែង៥ឆ្នាំ របស់គម្រោង នឹងអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២៣ ដល់ចុងឆ្នាំ២០២៧ ដើម្បីធានាឲ្យបាននូវលទ្ធភាពប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនចំណីអាហារធុនតូចនិងមធ្យម ធានាឲ្យបាននូវការផលិតចំណីអាហារមានគុណភាព និងសុវត្ថិភាពបង្កើនប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យសុវត្ថិភាពកម្រិតអន្តរជាតិរបស់ក្រុមហ៊ុននិងបង្កើតច្បាប់មូលដ្ឋាន និងប្រព័ន្ធដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្មចំណីអាហារ។
សម្រាប់ខ្លឹមសារនៃគម្រោងទី១គឺសាងសង់មជ្ឈមណ្ឌលកែច្នៃម្ហូបអាហារ FTC កម្ពុជា គម្រោងទី២ ការផ្តល់ជំនួយឧបករណ៍ និងសម្ភារៈគម្រោងទី៣ ការដំណើរការមជ្ឈមណ្ឌលវិភាគចំណីអាហារ គម្រោងទី៤ដំណើរការកម្មវិធីផ្តល់ជំនួយដល់ក្រុមហ៊ុន គម្រោងទី៥ ដំណើរការនិងអភិវឌ្ឍកម្មវិធីអប់រំ និងគម្រោងទី៦ ពង្រឹងសមត្ថភាព និងបណ្តាញ (Networking) ។
ឯកឧត្តមកិតិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងនូវការស្វាគមន៍ និងរីករាយបំផុតដែលគម្រោងនេះបានលេចជារូបរាង ដោយរង់ចាំការសម្រេចពីសភាកូរ៉េ នៅចុងឆ្នាំ២០២២ ខាងមុខនេះ នឹងបានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ដែលមានលក្ខណៈលំអិត និងមានសារៈសំខាន់របស់ភាគីកូរ៉េ ក៏ប៉ុន្តែ គម្រោងនេះ មិនមានបញ្ចូលការសាងសង់រោងចក្រគំរូ (Pilot Plant) ជាបន្ទុករបស់ភាគីកូរ៉េទេ។
ដូច្នេះ ឯកឧត្តម ចម ប្រសិទ្ធិ បានផ្តល់ជម្រើសពីរទៅឲ្យភាគីកូរ៉េ ទី១ ប្រើប្រាស់អគារ ៧ជាន់ចំនួន ២អគាររបស់អគ្គនាយកដ្ឋាន និងវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ក្រសួង (អគារមួយប្រើប្រាស់ទាំងស្រុង និងអគារមួយទៀតប្រើប្រាស់មួយចំណែកណាមួយ) សម្រាប់កែច្នៃជារោងចក្រគំរូ ទីតាំងការិយាល័យ ទីតាំងបំពាក់ឧបករណ៍និងថ្នាក់បណ្តុះបណ្តាល និងទី២ បើមានថវិកាគម្រោងសាងសង់រោងចក្រគំរូក្រសួងរក្សាការផ្តល់ដីទំនេរនៅទីតាំងអគារខាងលើជូនដើម្បីសាងសង់និងអាចប្រើប្រាស់ចំណែកណាមួយនៃអគារ ៧ជាន់ ទាំងពីរខាងលើបានថែមទៀតធ្វើយ៉ាងណាឲ្យគម្រោងនេះឆាប់ចេញជារូបរាងបានឆាប់បំផុត។
ភាគីកូរ៉េបានសម្តែងនូវទឹកចិត្តរីករាយ និងអរគុណជាខ្លាំងចំពោះការផ្តល់ជម្រើសដ៏ល្អទាំងពីរខាងលើ ដោយខិតខំសម្រេចការងារនេះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។
គួរបញ្ជាក់ផងដែរថា ដោយសារទំហំនៃទីផ្សារចំណីអាហារ ត្រូវបានគេប៉ាន់ប្រមាណថា មានប្រមាណ៨ពាន់លានដុល្លារ នៅឆ្នាំ២០១៨ ហើយអត្រាកំណើនត្រូវបាន គេរំពឹងថានឹងស្ថិតនៅកំរិត ៧,១% រហូតដល់ឆ្នាំ ២០២៣ ហើយក្រុមហ៊ុន ៣៧% គឺជាសហគ្រាសផលិតចំណីអាហារ ដែលជាស្នូលដ៏សំខាន់នៃវិស័យឧស្សាហកម្ម។ ប៉ុន្តែ ៩៥% ជាសហគ្រាសធុនតូចនិងមធ្យម ដូចនេះ ការប្រកួតប្រជែងរបស់ពួកគេនៅមានកម្រិតនៅឡើយទើបកម្ពុជាត្រូវការកម្មវិធីជំនួយផ្សេងៗដើម្បីពង្រឹងលទ្ធភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនក្នុងស្រុក៕