បរិយាប័ន្នហិរញ្ញវត្ថុក្នុងសម័យបច្ចេកវិទ្យាឌីជីថល ជំរុញឱ្យយើងអភិវឌ្ឍន៍ខ្លួនបន្ថែម
កំពង់ចាម៖ ឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម បានមានប្រសាសន៍ថាការរៀបចំសិក្ខាសាលាស្តីអំពី៖«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ» នេះ ជាឱកាសនៃបរិយាប័ន្នហិរញ្ញវត្ថុក្នុងសម័យបច្ចេកវិទ្យាឌីជីថលដែលជំរុញដល់យើងទាំងអស់គ្នាអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតក្នុងការរៀបចំនិងគ្រប់គ្រងលុយកាក់ដូចជាប្រើប្រាស់អេបកត់លុយ(Kotluy App: http://bit.ly/KotluyApp)។ ការប្រើប្រាស់អេបកត់លុយនេះ ឯកឧត្តមបញ្ជាក់ថា អាចជួយបង្កើនប្រសិទ្ធភាពដល់ការគ្រប់គ្រងប្រតិបត្តិការលើការចាយវាយការកត់ត្រាលុយកាក់ប្រចាំថ្ងៃឱ្យក្លាយជាទម្លាប់ល្អមួយ។
ការអនុវត្តចំណេះដឹងហិរញ្ញវត្ថុតាមរយៈការកត់ត្រា និងការយល់ដឹងពីបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ ត្រូវបានឯកឧត្តម មួន វាសនា ពន្យល់ថា៖យើងអាចមានជាបទពិសោធក្នុងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ខ្លួនយើងផ្ទាល់សម្រាប់ក្រុមគ្រួសារយើង និងសម្រាប់ស្ថាប័នរបស់យើងទៅពេលខាងមុខទៀត។ ជាពិសេស យើងអាចសម្លឹងរកឱកាសណាដែលអាចធ្វើការវិនិយោគផ្សេងៗ»។
សូមបញ្ជាក់ថា សិក្ខាសាលាស្តីអំពី៖«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ»កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ដែលរៀបចំនៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិង គ្រប់គ្រង (UME) ខេត្តកំពង់ចាម មាននិស្សិតប្រមាណ២០០នាក់ចូលរួមនេះ គឺជាសិក្ខាសាលាលើកទី១ នៅក្នុងគម្រោង៖«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ»ដែលអនុវត្តរយៈពេល១ឆ្នាំ ដល់យុវជន សិស្សិនិស្សិត និងសាធារណជនប្រមាណ ១ម៉ឺននាក់នៅតាមបណ្តាគ្រឹះស្ថានអប់រំរដ្ឋនិងឯកជនចំនួន៣០។
គម្រោងនេះ ផ្តួចផ្តើមដោយក្រុមហ៊ុន ឫទ្ធិពល ដោយមានការគាំទ្រដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងបណ្តុះបណ្តាល និងវិជ្ជាជីវៈនិងមូលនិធី ស.អ ឧបត្តម្ភធំដោយធនាគារ អេស៊ីលីដា និងក្រុមហ៊ុនធានារ៉ាប់រង GC Life និងសហការឧបត្តម្ភដោយក្រុមហ៊ុន ខាំ-ផែន (ថ្នាំពណ៌ជាតិ), ក្រុមហ៊ុន ឌីហ្វើនីឈ័រ (D'furniture), អង្កការ KMH Foundation, ក្រុមហ៊ុន ISIGROUP និងក្រុមហ៊ុន នំស្រួយលីលី (LY LY Food Industry Co., LTD.)៕