រដ្ឋមន្ត្រីប្រៃសណី៖«កម្ពុជា បានក្លាយជាគោលដៅសម្រាប់ពួកឧក្រិដ្ឋជនតាមអ៊ីនធឺណិត»
ភ្នំពេញ៖ ឯកឧត្តម ជាវ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា សង្គមកម្ពុជាបានបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងជីវភាពប្រចាំថ្ងៃលើគ្រប់វិស័យក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ ការកើនឡើងនេះ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថាបានធ្វើបានធ្វើឱ្យពលរដ្ឋដែលប្រើប្រាស់បច្ចេកវិទ្យា អាចក្លាយជាជនងាយរងគ្រោះពីការវាយប្រហារតាមអ៊ីនធឺណិតហើយការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាដូចជា AI, Big Data, និង Virtual Reality ពិតជាមានផលវិបាកក្នុងការកំណត់ពីអត្តសញ្ញាណក្រុមឧក្រិដ្ឋជន។
«បច្ចុប្បន្ននេះប្រទេសកម្ពុជាក៏បានក្លាយជាគោលដៅសម្រាប់ពួកឧក្រិដ្ឋជនតាមអ៊ីនធឺណិតផងដែរ។ ស្ថាប័នជាច្រើនធ្លាប់ត្រូវបានរងការវាយប្រហារតាមអ៊ីនធឺណិត ក្រោមទម្រង់ជា Phishing, Malware, Ransomware, DDoS ជាដើម»។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅក្នុងវេទិកាស្តីពី៖«សន្តិសុខសាយប័រនិងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត» នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ដែលធ្វើនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ រូបនេះ បានមានបញ្ជាក់ផងដែរថា សន្តិសុខសាយប័រ គឺជាទំនួលខុសត្រូវរបស់ពលរដ្ឋគ្រប់គ្នា ខណៈពេលដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការការពារនិងលើកកម្ពស់សុវត្ថិភាពតាមអ៊ីនធឺណិត ដោយបង្កើតហេដ្ឋារចនាសម្ព័ន្ធសន្តិសុខសាយប័រថ្នាក់ជាតិ និងការជ្រើសរើសមន្រ្តីជំនាញដើម្បីតាមដានការវាយប្រហារតាមអ៊ីនធឺណិតជាដើម។
បន្ថែមពីនេះ ឯកឧត្តម ជាវ៉ាន់ដេត បន្តថា ក្រសួងប្រៃសណីយន៍និងទូរគមាគម ក៏កំពុងតែរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសន្តិសុខសាយប័រនិងការការពារទិន្នន័យផងដែរ។ សុវត្ថិភាពអ៊ីនធឺណិត គឺមិនមែនជាគោលដៅចុងក្រោយនោះទេ ប៉ុន្តែ វាគឺជាដំណើរការដែលទាមទារការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ។
វេទិកា«សន្តិសុខសាយប័រនិងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត»នេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សាលើបញ្ហាប្រឈមនិងធ្វើឱ្យប្រសើរឡើងលើលិខិតបទដ្ឋានគតិយុត្តដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងរៀបចំដើម្បីប្រមូលផ្តុំធាតុចូលបន្ថែមភាគីពាក់ព័ន្ធ។
នៅក្នុងវេទិកានេះ ក៏មានការចូលរួមពីឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកឧកញ៉ា TanKhee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា (MBCC) វាគ្មិនជំនាញផ្នែកបច្ចេកវិទ្យានិងតំណាងក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនបច្ចេកវិទ្យាក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិផងដែរ៕