គណៈកម្មការគ្រប់គ្រងល្បែង ឱ្យម្ចាស់កាស៊ីណូទាំងអស់ស្នើសុំអាជ្ញាបណ្ណ ឬបន្តសុពលភាពអាជ្ញាបណ្ណរបស់ខ្លួន
ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ណែនាំឲ្យម្ចាស់កាស៊ីណូទាំងអស់ស្នើសុំអាជ្ញាបណ្ណ ពី គ.ល.ក។ ចំណែកឯ កាស៊ីណូដែលធ្លាប់មានអាជ្ញាបណ្ណហើយ ត្រូវស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណទៀតដែរ។ ក្នុងករណីដែលម្ចាស់កាស៊ីណូ មិនអនុវត្តតាមការណែនាំចាត់ទុកថាប្រព្រឹត្តិល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។
តាមសេចក្តីណែនាំរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២០ ខែតុលា កន្លងទៅ ការស្នើសុំអាជ្ញាបណ្ណ ឬបន្តសុពលភាពអាជ្ញាបណ្ណពី គ.ល.ក នេះ ផ្អែកលើគោលការណ៍អនុញ្ញាតពីរដ្ឋាភិបាល (ស.ជ.ណ) ដែលកំណត់យ៉ាងច្បាស់នូវទីតាំងភូមិសាស្ត្រនៃការស្នើសុំអភិវឌ្ឍកាស៊ីណូ និងលក្ខខណ្ឌ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មនិងលិខិតគតិយុត្តពាក់ព័ន្ធជាធរមាន។
ចំពោះ កាស៊ីណូដែលទទួលបានអាជ្ញាបណ្ណពី គ.ល.ក អាចធ្វើប្រតិបត្តិការកាស៊ីណូបានតែនៅក្នុងបរិវេណទីតាំង ដែលបានកំណត់នៅក្នុងអាជ្ញាបណ្ណកាស៊ីណូប៉ុណ្ណោះ។ រីឯ កាស៊ីណូដែលធ្លាប់មានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយបានដាក់ពាក្យស្នើសុំ និងកំពុងបំពេញលក្ខខណ្ឌតម្រូវ ដើម្បីបន្តសុពលភាពអាជ្ញាបណ្ណឆ្នាំ២០២២ គ.ល.ក និងចេញលិខិតបញ្ជាក់ពីនីតិភាពស្របច្បាប់ជូន និងអាចធ្វើប្រតិបត្តិការកាស៊ីណូបានតែនៅក្នុងបរិវេណទីតាំង ដែលបានកំណត់នៅក្នុងលិខិតបញ្ជាក់នីតិភាពប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឺងរបស់ គ.ល.ក ។
ម្ចាស់កាស៊ីណូ ត្រូវបង្ហាញអាជ្ញាបណ្ណឬលិខិតបញ្ជាក់នីតិភាពច្បាប់ដើម នៅកន្លែងដែលអាចមើលឃើញ ក្នុងទីតាំងធ្វើអាជីវកម្មរបស់ខ្លួន។ក្នុងករណីដែលមានការប្រើប្រាស់អាជ្ញាបណ្ណ ឬលិខិតបញ្ជាក់នីតិភាពថតចម្លងនៅទីតាំងផ្សេងនឹងត្រូវចាត់ទុកថាជាការក្លែងបន្លំ។
ជាមួយគ្នានេះ ម្ចាស់កាស៊ីណូត្រូវបង់ចំណូលកាតព្វកិច្ចពីល្បែងគ្រប់ប្រភេទ ដែលដំណើរការក្នុងបរិវេណកាស៊ីណូនិងកាតព្វកិច្ចផ្សេងៗទៀតឲ្យបានគ្រប់ចំនួន និងទាន់ពេលវេលា។
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបញ្ជាក់ថា ក្នុងករណីដែលម្ចាស់កាស៊ីណូ មិនអនុវត្តតាមសេចក្តីណែនាំខាងលើ ត្រូវចាត់ទុកថាបានប្រព្រឹត្តល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មដែលត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មរដ្ឋបាល និងពិន័យអន្តរការណ៍ស្របតាមការកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕