ថវិកាឆ្នាំ២០២៣ រដ្ឋាភិបាលគ្រោងចំណាយ ៩.៦ពាន់លានដុល្លារ កើន១៣% ធៀបនឹងឆ្នាំ២០២២
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញខ្លឹមសារសង្ខេបប្រតិបត្តិស្តីពី៖«សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣»។ សេចក្តីព្រាងច្បាប់នេះ រដ្ឋាភិបាលគ្រោងចំណាយ ៣៩ ២០៦ ២០៥ លានរៀល (ប្រមាណ៩.៦ពាន់លានដុល្លារ) នឹង ២៩.៨៧% នៃផលិតផលក្នុងស្រុកសរុប មានកំណើន១៣% ធៀបនឹងច្បាប់ឆ្នាំ២០២២។ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣នេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២៨ ខែតុលានេះ។
ថវិកាឆ្នាំ២០២៣ ដែលមានកម្រាស់ ១៩ទំព័រនេះ ត្រូវបានរៀបចំដោយតម្រង់ធនធានឆ្ពោះទៅបន្តរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជនក៏ដូចជាលំនឹងនៃសង្គម និងតម្រង់ការវិភាគថវិកាសម្រាប់ការអនុវត្តសកម្មភាពអាតិភាពដែលត្រូវបានកំណត់ក្នុងកម្មវិធីនិងអាទិភាពគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាលផងដែរ។ អាទិភាពសំខាន់ៗនោះរួមមាន ការគ្រប់គ្រងឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺផ្សេងៗ, ការកសាងប្រព័ន្ធគាំពារសង្គមរឹងមាំនិងប្រព័ន្ធសុខាភិបាល, ការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ក៏ដូចជាការកែលម្អប្រព័ន្ធអប់រំជាដើម,ការអនុវត្តកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលដែលបានដាក់ចេញ។ល។
បន្ថែមពីនេះ ការបន្តស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ទះងើបឡើងវិញ,ជំរុញបង្កើនចំណូលថវិកាជាតិ, បន្តអភិវឌ្ឍន៍ធនធានមនុស្ស, ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឌីជីថលនិងបៃតង, ការអវិឌ្ឍវិស័យកសិកម្ម រួមទាំងការចំណាយលើដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧និងការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅឆ្នាំ២០២៣ខាងមុខ។ ចំពោះ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣នេះ នឹងត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ក្នុងនោះរួមមាន៖ វិស័យឧស្សាហកម្ម,វិស័យសេវាកម្ម និងវិស័យកសិកម្មជាដើម។
ការកំណត់ថវិកាឆ្នាំ២០២៣នេះ ត្រូវបានសន្និដ្ឋានថាជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចជួយឱ្យរដ្ឋាភិបាលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមនិងហានិភ័យផងទាំងពួង, ទាំងក្នុងនិងក្រៅប្រទេស សំដៅបន្តការពារអាយុជីវិត លើកកម្ពស់ជិវភាពរស់នៅរបស់ប្រជាពលរដ្ឋព្រមទាំងស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចកម្ពុជា ទន្ទឹមនឹងការរៀបចំរស់នៅជាមួយកូវិដ-១៩ តាមគន្លងប្រក្រតីភាបថ្មីផងដែរ៕
តំណភ្ជាប់សម្រាប់ទាញយកឯកសារទាំងស្រុង៖ shorturl.at/cipsw