កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានពាណិជ្ជកម្មទ្វេភាគី២៧៩លានដុល្លារ ក្នុងរយៈពេល ៨ខែឆ្នាំ២០២២
ភ្នំពេញ៖ រយៈពេល ៨ខែ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម សម្រេចបានប្រមាណ២៧៩លានដុល្លារ ដែលកើនឡើង ៤០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នៅទីក្រុងអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។
នាពិធីប្រកាសបើកជាផ្លូវការអំពីការចាប់ផ្តើមដំណើរការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី២៤ ខែតុលានេះ ក្រោមអធិបតីភាពរបស់ឯកឧត្តម ប៉ានសូរស័ក្តិ និងឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌីរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួមឯកឧត្តម ប៉ាន សូរស័ក្តិ បានឲ្យដឹងថា ប្រទេសអេមីរ៉ាតអារ៉ាប់រួមជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ក្នុងតំបន់មជ្ឈឹមបូព៌ា ដែលរួមចំណែកប្រមាណ៦០% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។
ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានលើកឡើងពីតួនាទីដ៏សំខាន់របស់ “Cambodia-UAECEPA” ក្នុងការផ្តល់លទ្ធភាពឲ្យកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមអាចបំពេញនូវសក្តានុពលសេដ្ឋកិច្ចរវាងគ្នា ដែលក្លាយជាកម្លាំងចលករជំរុញកំណើនរួមតាមរយៈការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ ការសម្រួលដល់លំហូរពាណិជ្ជកម្ម និងការជំរុញការវិនិយោគទ្វេភាគី។ “Cambodia-UEA CEPA” មានលក្ខណៈពិសេសសម្រាប់ភាគីទាំងពីរដោយសារកិច្ចព្រមព្រៀងនេះ នឹងបន្តពង្រឹងមិត្តភាពមានស្រាប់ជាប្រពៃណីនិងលើកកម្ពស់ទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងពិភពអារ៉ាប់ និងអាស៊ាន។
បច្ចុប្បន្ន តំបន់ទាំងពីរ ស្ថិតក្នុងចំណោមតំបន់ដែលមានថាមវ័ន្តសេដ្ឋកិច្ចខ្លាំងនៅលើពិភពលោកដូច្នេះមានកាលានុវត្តភាពជាច្រើនដែលភាគីទាំងពីរអាចច្បាមយកមកអភិវឌ្ឍខឿនសេដ្ឋកិច្ចបានដោយអេមីរ៉ាតអារ៉ាប់រួមអាចជាមូលដ្ឋានរបស់កម្ពុជាសម្រាប់ការផ្គត់ផ្គង់ទៅទីផ្សារអារ៉ាប់ ហើយកម្ពុជាក៏អាចជាមូលដ្ឋានរបស់អេមីរ៉ាតអារ៉ាប់រួម សម្រាប់ការផ្គត់ផ្គង់ទៅទីផ្សារតំបន់អាស៊ានទាំងមូល។
ឯកឧត្តមបណ្ឌិត អាល់ ហ្សេយូឌី បានឲ្យដឹងថាការចរចាពាណិជ្ជកម្មសេរីជាមួយកម្ពុជាជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់អេមីរ៉ាតអារ៉ាប់រួមក្នុងការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធនិងរឹងមាំជាមួយដៃគូពាណិជ្ជកម្មជុំវិញពិភពលោក។ អេមីរ៉ាតអារ៉ាប់រួមកំពុងតាក់តែងទស្សនវិស័យសេដ្ឋកិច្ចសម្រាប់រយៈពេលវែងនិងកសាងនូវមូលដ្ឋានគ្រឹះដើម្បីសម្រេចបាននូវកំណើន កាលានុវត្តភាពនិងភាពជោគជ័យបន្ថែមទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត អាល់ ហ្សេយូឌីនិងស្វាគមន៍នូវកិច្ចពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដែលមានឆន្ទៈក្នុងការពន្លឿនចរាចរណ៍នៃទំនិញធានាខ្សែច្រវ៉ាក់ផ្តត់ផ្គង់ និងស្វែងរកឱកាសក្នុងការបណ្តាក់ទុនរួមគ្នាសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។ ដោយកម្ពុជាជាប្រទេសដែលមានវិបុលភាពសេដ្ឋកិច្ចនៅក្នុងបេះដូងនៃអាស៊ី ជាមួយនឹងវិស័យកម្មន្តសាលនិងកសិកម្មដ៏រឹងមាំ ព្រមទាំងមានកំណត់ត្រាគួរឲ្យកត់សម្គាល់ក្នុងវិស័យថាមពលកកើតឡើងវិញ។
ជាមួយគ្នានេះ ប្រជាជាតិរបស់អេមីរ៉ាតអារ៉ាប់រួមមានគោលដៅរួមគ្នាក្នុងការផ្តល់នូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពដោយជឿជាក់ថាភាគីទាំងពីរ នឹងអាចធ្វើការរួមគ្នា ដើម្បីពង្រឹងការនាំចេញការអភិវឌ្ឍវិស័យទេសចរណ៍ និងភស្តុភារកម្ម។
ចំពោះការចរចា Cambodia-UAE CEPA ជាការទទួលស្គាល់នូវសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាដែលរក្សាបាននូវអត្រាកំណើនប្រចាំឆ្នាំជាមធ្យមប្រមាណ ៧,៧%ចន្លោះឆ្នាំ១៩៩៨-២០១៩ ហើយនៅឆ្នាំ ២០២២នេះ ផលិតផលក្នុងស្រុករបស់កម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងប្រមាណ ៥,១% (ផ្អែកតាម IMF)ដែលធ្វើឲ្យកម្ពុជាបន្តស្ថិតនៅក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង។
ភាគីទាំងពីរប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីតាមរយៈការធ្វើពិពិធកម្មទីផ្សារសម្រាប់នាំចេញទំនិញ និងសេវាកម្មព្រមទាំងការបង្កើតកាលានុវត្តភាពសម្រាប់ការវិនិយោគនិងពង្រឹងកិច្ចសហការសម្រាប់វិស័យអាទិភាព។ ពិធីចរចាខាងលើមានវត្តមានអ្នកចូមរួមមកពីក្រុមការងារចរចាអន្តរក្រសួង សភាពាណិជ្ជកម្មនិងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មកពីស្ថាប័នសាធារណៈ និងវិស័យឯកជននៃភាគីទាំងពីរសរុបប្រមាណ ១០០រូប។
គួរបញ្ជាក់ផងដែរថា ដំណើរការចរចាជុំទី១ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤-២៦ ខែតុលានេះ ដែលភាគីកម្ពុជា ដឹកនាំដោយ លោកជំទាវតឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងភាគីអេមីរ៉ាតអារ៉ាប់រួមដឹកនាំដោយឯកឧត្តម ជូម៉ា ម៉ូហាមេដ អាល់ កាតអនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួមព្រមជាមួយមន្ត្រីជាន់ខ្ពស់ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ៕