«កម្ពុជាឆ្ពោះទៅឌីជីថល»ជាគេហទំព័រប្រមូលផ្តុំព័ត៌មាន ទិន្នន័យ ចំណេះដឹងបច្ចេកវិទ្យា-ឌីជីថលចាំបាច់ ដែលដាក់ឱ្យសាធារណជនប្រើប្រាស់ផ្លូវការ
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដាក់ឲ្យប្រើប្រាស់កម្មវិធី«កម្ពុជាឆ្ពោះទៅឌីជីថល» (Godigital.gov.kh) ក្នុងទិសដៅជំរុញការអភិវឌ្ឍចំណេះដឹងឌីជីថលនិងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាពដោយស្របតាមទិសដៅកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០២៥។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ កម្មវិធី ឬគេហទំព័រ godigital.gov.kh ជាមជ្ឈមណ្ឌលប្រមូលផ្តុំព័ត៌មាន ទិន្នន័យ ចំណេះដឹងឌីជីថលចាំបាច់មានជាអាទិ៍សុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងការយល់ដឹងអំពីបច្ចេកវិទ្យាដែលជួយឲ្យសាធារណជនអាចស្វែងរកព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការធ្វើបរវិត្តកម្មឌីជីថលនៅកម្ពុជានិងអាចចូលរួមគំនិតផ្តួចផ្តើមនានាដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជាប្រកបដោយបរិយាបន្ន។
ដើម្បីគាំទ្រដល់ការដាក់ឲ្យប្រើប្រាស់កម្មវិធី «កម្ពុជាឆ្ពោះទៅឌីជីថល» និងជំរុញឲ្យមានការផលិតមាតិកាវីដេអូដល់អ្នកទស្សនាជាពិសេសលើកស្ទួយដល់អ្នកផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូអប់រំលើប្រធានបទចំនួនពីរ ទី១.មួយថ្ងៃក្នុងពិភពឌីជីថល និងទី២. វិធីរក្សាគណនីហ្វេសប៊ុកឲ្យមានសុវត្ថិភាព។
ចំពោះប្រធានបទទី១.បេក្ខជនតម្រូវឲ្យរៀបចំមាតិកាវីដេអូចែករំលែកបទពិសោធពីការប្រើប្រាស់ឧបករណ៍/កម្មវិធីឌីជីថលនានាដែលមានប្រយោជន៍បម្រើឲ្យការសិក្សាឬការងារប្រចាំថ្ងៃរបស់ខ្លួន។ ចំណែកប្រធានបទទី២.បេក្ខជនតម្រូវឲ្យរៀបចំមាតិកា វីដេអូស្តីពីវិធីសាស្ត្រនានាក្នុងការរក្សាសុវត្ថិភាពគណនីហ្វេសប៊ុករបស់ខ្លួន។
មាតិការវីដេអូចំនួន៣ ដែលទទួលបានពិន្ទុខ្ពស់ជាងគេសម្រាប់ប្រធានបទនីមួយៗនឹងទទួលបានរង្វាន់ពីកម្មវិធីពី១លានរៀល ដល់៤លានរៀលហើយម្ចាស់ជ័យលាភីទាំងអស់នឹងមានឱកាសក្លាយជាអ្នកផលិតមាតិកាអប់រំឲ្យក្រសួងប្រៃសណីយ៍ ដែលនឹងត្រូវអញ្ជើញចូលរួមកម្មវិធីជជែកសំណេះសំណាលជាមួយតំណាងក្រុមហ៊ុនហ្វេសប៊ុកនៅកម្ពុជា៕