កម្ពុជា ដាក់គោលដៅដកខ្លួនចេញពីបញ្ជីប្រផេះ ដោយអនុវត្តប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មដោយនិរន្តរភាព
ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជាឯកឧត្តម គុណ ញឹម បានគូសបញ្ជាក់អំពីសារសំខាន់នៃការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដែលរាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តកិច្ចការនេះ។ ឯកឧត្តមគុណ ញឹម បានសង្កត់ធ្ងន់ថា កម្ពុជាបានដាក់គោលដៅការងារដើម្បីដកខ្លួនចេញពីបញ្ជីប្រផេះក៏ប៉ុន្តែកម្ពុជាបានកំណត់និងប្រកាន់យកឆន្ទៈអនុវត្តការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មប្រកបដោយនិរន្តរភាព។
ថ្លែងបើកកម្មវិធីសិក្ខាសាលាស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម កាលដែលធ្វើឡើងនៅក្នុងចុងខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម គុណញឹម បានឱ្យដឹងថា ការប្តេជ្ជាចិត្តរបស់កម្ពុជាក្នុងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះជាក្របខណ្ឌច្បាប់និងយុទ្ធសាស្ត្រជាតិពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មត្រូវបានដាក់ចេញស្របគ្នានឹងការបង្កើតយន្តការស្ថាប័នដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ការអនុវត្តកាតព្វកិច្ចប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មជាប្រចាំគឺស្របតាមបញ្ហានិងវិធានការថ្មីៗ ដែលកំណត់ដោយប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់(Asia/PacificGroup on Money Laundering-APG) និងក្រុមការងារហិរញ្ញវត្ថុ (FinancialAction Task Force-FATF) ខណដែលកម្ពុជាបានចូលជាសមាជិករបស់ APG នេះតាំងពីឆ្នាំ២០០៤ មកម្ល៉េះ។
ក្រោមការចង្អុលបង្ហាញរបស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ និងកិច្ចខិតខំប្រឹងប្រែងរបស់អនុគណៈកម្មការចំពោះកិច្ច និងក្រុមការងារនៃក្រសួង/ស្ថាប័នពាក់ព័ន្ធ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានអនុវត្តដោយជោគជ័យនូវផែនការសកម្មភាពនិងអនុសាសន៍របស់FATFដើម្បីដកខ្លួនចេញពីបញ្ជីប្រផេះ។ ក្នុងពេលនេះកម្ពុជាកំពុងត្រៀមខ្លួនធ្វើការជាមួយគណប្រតិភូនៃ JG ដែលនឹងចុះមកវាយតម្លៃដោយផ្ទាល់(On-Site Visit) នៅអំឡុងដើមឆ្នាំ២០២៣។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រូបនេះបានឱ្យដឹងផងដែរថា សិក្ខាសាលានាពេលនេះគឺជាការបន្តលើកកម្ពស់សមត្ថភាពដល់មន្ត្រីគយនិងរដ្ឋាករក៏ដូចជាមន្ត្រីនៃស្ថាប័នអនុវត្តច្បាប់ដទៃទៀត លើជំនាញនិងបច្ចេកទេសស៊ើបអង្កេតបទល្មើសសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។ការរៀបសិក្ខាសាលាដែលរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្រោមការគាំទ្រថវិការបស់រដ្ឋាភិបាលជប៉ុននេះចែកចេញជាពីរគឺវគ្គមូលដ្ឋានស្តីពី៖«បច្ចេកទេសស៊ើបអង្កេតការសម្អាតប្រាក់សម្រាប់មន្ត្រីគយនិងរដ្ឋាករជួរមុខ» និងវគ្គកម្រិតខ្ពស់ស្តីពី៖«ការស៊ើបអង្កេតហិរញ្ញវត្ថុលើបទល្មើសសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម»។
សិក្ខាសាលាទាំងពីរវគ្គខាងលើ សម្របសម្រួលដោយលោក Stephen Cox ទីប្រឹក្សាកិច្ចការគយរបស់ IMF ប្រចាំកម្ពុជាឡាវ ម៉ុងហ្គោលី និងមីយ៉ាន់ម៉ា និងលោក Tom Hansan ទីប្រឹក្សា IMF ផ្នែកកិច្ចការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មជាគ្រូឧទ្ទេសនាមលើប្រធានបទសំខាន់ៗដូចជា បច្ចេកទេសវិភាគនិងស៊ើបអង្កេតហិរញ្ញវត្ថុការរៀបចំផែនការសម្រាប់ធ្វើការស៊ើបអង្កេតសញ្ញាណបទល្មើសសម្អាតប្រាក់ក្រោមរូបភាពពាណិជ្ជកម្មនិងបច្ចេកទេសស៊ើបអង្កេតចាប់យកផលនៃបទល្មើសនិងប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការជាតិ។
សមាភាពសិក្ខាកាមដែលចូលរួមានដូចជា ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មប្រចាំរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រុមការងារប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្មមកពីអង្គភាពប្រឆាំងអំពើពុករលួយ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្រសួងយុត្តិធម៌ ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានពន្ធដារនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សរុបចំនួន១៣០នាក់៕