វេទិកាពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាឲ្យកាន់តែប្រសើរ
Posted by -
Phoung Somphors
Published on -
1/11/2022 10:06 AM

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ និងនវានុវត្តន៍ រៀបចំវេទិកាពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២​ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជានៅមជ្ឍមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ ដែលក្នុងនោះមានវេទិកាចំនួន ៤ទៀតរួមបញ្ចូលផងដែរ។

វេទិកាពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ដែលមានរយៈពេល៣ថ្ងៃនោះមានគោលបំណងគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដោយកៀរគរនិយ័តករ វិស័យឯកជននិងស្ថាប័នពាក់ព័ន្ធមកជួបជុំគ្នា យល់ដឹងបន្ថែមពីនិន្នាការ និងនវានុវត្តន៍ព្រមទាំងពិភាក្សាពីកាលានុវត្តភាព និងបញ្ហាប្រឈមនានាដើម្បីពង្រឹងនិងពង្រីកប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាក្នុងការក្តោបយកឱកាសជាអតិបរមាពីនវានុវត្តន៍ទាំងនោះជាពិសេសត្រៀមខ្លួនសម្រាប់ការអភិវឌ្ឍដ៏រហ័សនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ គោលបំណងសំខាន់មួយទៀតរបស់វេទិកាខាងលើ គឺដើម្បីបន្តប្រមូលធាតុចូលល្អៗនិងជាក់លាក់បន្ថែមក្នុងដំណើរការរៀបចំសេចក្តីព្រាងគោលនយាបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាដែលមានលក្ខណៈមុតស្រួច និងងាយបត់បែន។ នេះបើតាមសេចក្តីជូនដំណឹងរួមគ្នារបស់ក្រសួងនិងស្ថាប័នពាក់ព័ន្ធកាលពីថ្ងៃទី២៨ ខែតុលាកន្លងទៅ។

វាគ្មិនកិត្តិយសជាតិនិងអន្តរជាតិនៃបណ្តានិយ័តករ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និងសមាគមជាច្រើន នឹងធ្វើបទបង្ហាញពីប្រធានបទមួយចំនួនទាក់ទងនឹងធនាគារឌីជីថលបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធានារ៉ាប់រងសន្តិសុខសាយប័រក្នុង Open Finance និងការដាក់ឲ្យដំណើរការនៃថ្នាល Cambodia Distributed Ledger ។

វេទិកាខាងលើនេះនឹងមានការផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុកនិងតេឡេក្រាមរបស់គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីលថលនិងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”។ អ្នកចូលរួមក្នុងវេទិកានេះរួមមានថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ធនាគារជាតិនៃកម្ពុជាមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជាគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានអប់រំ ស្ថាប័នស្រាវជ្រាវដៃគូអភិវឌ្ឍន៍ សមាគម និងស្ថាប័នពាក់ព័ន្ធដទៃទៀតក្នុងវិស័យឯកជន។

សូមបញ្ជាក់ថា វេទិកាពិព័រណ៍បច្ចេកវិទ្យាកម្ពុជា២០២២ នេះ ជាវេទិកាដំបូងគេនៅកម្ពុជា ដែលសហការរៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ធនាគារជាតិនៃកម្ពុជាមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និង CamTech Summit គាំទ្រដោយក្រុមហ៊ុនព្រូដិនសលកម្ពុជា សមាគមធនាគារនៅកម្ពុជាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានិងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236