ពន្ធដារ សម្រេចឱ្យអ្នកជាប់ពន្ធអនុវត្តតាមអត្រាប្តូរប្រាក់ធនាគារជាតិវិញ ដើម្បីពង្រឹងការគ្រប់គ្រងចំណូលពន្ធ
Posted by -
Phoung Somphors
Published on -
14/11/2022 10:46 AM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ សម្រេចឲ្យអ្នកជាប់ពន្ធប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា​ ដែលចេញផ្សាយប្រចាំថ្ងៃជំនួសវិញ។ ការកំណត់អត្រាប្តូរប្រាក់នេះ ឆ្លុះបញ្ចាំងពីទីផ្សារជាក់ស្តែងដែលធនាគារជាតិកំណត់អត្រាប្តូរប្រាក់ផ្លូវការ ដែលជាអត្រាអន្តរធនាគារអនុវត្តនៅក្នុងប្រព័ន្ធជួញដូររបស់ធនាគារជាតិ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងចំណូលពន្ធនិងផ្តល់ភាពងាយស្រួសដល់ដល់អ្នកជាប់ពន្ធ។

យោងតាមកិច្ចប្រជុំជាមួយនឹងធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃ២៤​ ខែតុលាកន្លង អគ្គនាយកដ្ឋានពន្ធដារ ថ្ងៃទី២៨ ខែតុលា បានសម្រេចឲ្យអ្នកជាប់ពន្ធប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិវិញ ក្រោយអនុវត្តតាមអត្រាប្តូរប្រាក់ដែលកំណត់ ដោយពន្ធដារអស់រយៈពេលជាង៥ខែកន្លងមក។ អគ្គនាយកដ្ឋានពន្ធដារ បានពន្យល់ថា ដោយសារធនាគារជាតិបានផ្លាស់ប្តូរវិធីសាស្រ្តថ្មីនៃការកំណត់អត្រាប្តូរប្រាក់ផ្លូវការ ដែលជាអត្រាអន្តរធនាគារអនុវត្តនៅក្នុងប្រពន្ធជួញដូររបស់ធនាគារជាតិ និងបានឆ្លុះបញ្ចាំងពីអត្រាប្តូរប្រាក់ទីផ្សារជាក់ស្តែង។ ការកំណត់ឱ្យអនុវត្តតាមអត្រាប្តូរប្រាក់របស់ធានគារជាតិនេះ ដើម្បីពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្តសិទ្ធិភាព ជាពិសេសផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការប្រើប្រាស់អត្រាប្តូរប្រាក់ ដែលសមស្របនឹងអត្រាប្តូរប្រាក់ទីផ្សារ។

ដើម្បីធានាដល់ការអនុវត្តអត្រាប្តូរប្រាក់ផ្លូវការសម្រាប់ការប្រកាសបង់ពន្ធឲ្យបានត្រឹមត្រូវ និងធានាដល់យន្តការផ្ទៀងផ្ទាត់វិក្កយបត្រ ក៏ដូចជាជួយសម្រួលដល់ការអនុវត្តការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញឲ្យមានប្រសិទ្ធិភាពខ្ពស់ អគ្គនាយកដ្ឋានពន្ធដារ ណែនាំឲ្យអ្នកជាប់ពន្ធប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការចំនួន ៤ ដែលចេញដោយធនាគារជាតិនៃកម្ពុជា។

ទី១. អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ប្រចាំថ្ងៃសម្រាប់រំលេចប្រាក់រៀលលើតម្លៃសរុបវិក្កយបត្រ ក្នុងករណីការផ្គត់ផ្គង់ត្រូវធ្វើឡើងនៅថ្ងៃឈប់សម្រាកឬមុនម៉ោងធនាគារជាតិមិនទាន់បានចេញផ្សាយ អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិ ដែលចេញផ្សាយមុនមួយថ្ងៃនៃថ្ងៃឈប់សម្រាក។ ទី២. អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់រៀងរាល់ថ្ងៃទី១៥ នៃខែនីមួយៗ សម្រាប់គណនាពន្ធលើប្រាក់បៀរវត្ស ក្នុងករណី ថ្ងៃទី១៥ នៃខែនីមួយៗចំថ្ងៃឈប់សម្រាក ហើយធនាគារជាតិមិនបានចេញផ្សាយអ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិ ដែលបានចេញផ្សាយមុនមួយថ្ងៃនៃថ្ងៃឈប់សម្រាក។ ទី៣. អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់នៅថ្ងៃចុងក្រោយនៃខែនីមួយៗ សម្រាប់គណនាពន្ធត្រូវបង់ប្រចាំខែ ចំពោះការផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអនិវាសនជនដែលបានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ ឬប្រតិបត្តិការទាំងឡាយណាដែលមិនរំលេចប្រាក់រៀលលើវិក្កយបត្រដូចជា ប្រតិបត្តិការដែលទទួលបានការផ្គត់ផ្គង់ពីបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាសឬពីអនិវាសនជន។ និងទី៤. អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវនៅថ្ងៃចុងក្រោយនៃខែធ្នូនៃឆ្នាំនីមួយៗ សម្រាប់រៀបចំលិខិតប្រកាសពន្ធប្រចាំឆ្នាំនិងគណនាពន្ធត្រូវបង់ប្រចាំឆ្នាំ។

ចំពោះ អ្នកជាប់ពន្ធអនិវាសជនដែលបានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញមិនតម្រូវឲ្យរំលេចប្រាក់រៀលលើតម្លៃសរុបក្នុងវិក្កយបត្រឡើយ។ ដោយឡែកសម្រាប់គោលដៅរៀបចំលិខិតប្រកាសពន្ធជាប្រាក់រៀល និងគណនាអាករលើតម្លៃបន្ថែមត្រូវបង់អ្នកជាប់ពន្ធអនិវាសនជនត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការប្រចាំខែដូចមានចែងក្នុងចំណុចទី៣ នៃសេចក្តីណែនាំខាងលើ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236