គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើជាង៤,៧ពាន់លានដុល្លារ ពីអតិថិជន២,៦លាននាក់ ក្នុងរយៈពេល៩ខែឆ្នាំ២០២២
ភ្នំពេញ៖ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២នេះ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង៥ បានទទួលប្រាក់បញ្ញើសរុបចំនួនជាង ៤,៧ពាន់លានដុល្លារ ពីអតិថិជនប្រមាណ ២,៦លាននាក់។ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារំពឹងថា ចំនួនប្រាក់បញ្ញើនេះនឹងបន្តកើនឡើងជាលំដាប់ តាមរយៈសេវាកម្មដែលមានភាពច្នៃប្រឌិតនិងងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់។
ថ្លែងនៅក្នុងកម្មវិធី«ទិវាសន្សំអាស៊ាន» ក្រោមប្រធានបទ៖«សន្សំតិចប្រសើរជាងមិនបានសន្សំ» ដែលធ្វើនៅខេត្តសៀមរាប កាលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោក សុខ វឿន បានឱ្យដឹងថា ដើម្បីចូលរួមជំរុញការសន្សំក្នុងតំបន់អាស៊ានប្រទេសកម្ពុជាបាន និងកំពុងជំរុញ ព្រមទាំងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយបានរៀបចំជាយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។ ក្នុងនោះអាទិភាពចម្បងគឺលើកទឹកចិត្ត និងជំរុញការដាក់ប្រាក់សន្សំនៅតាមគ្រឹះស្ថានផ្លូវការដូចជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។
បើតាមលោក សុខ វឿន គិតត្រឹមដំណាច់ឆ្នាំ២០២១ ចំនួនគណនីប្រាក់បញ្ញើអតិថិជនកើនឡើងដល់ចំនួន ១២,១លានគណនី ដែលមានសមតុល្យប្រាក់បញ្ញើប្រមាណ ១៥៧ទ្រីលានរៀល ស្មើនឹង ៣៨,៥ពាន់លានដុល្លារ កើនឡើង ១៥,៤%។ ការកើនឡើងនៃចំនួនគណនី និងសមតុល្យប្រាក់បញ្ញើនេះ ត្រូវបានប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះ ថា ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ ជាពិសេសការយល់ដឹងពីសារសំខាន់នៃការសន្សំ។
ទន្ទឹមនឹង លោក សុខ វឿន បានអំពាវនាវនិងលើកទឹកចិត្តដល់សាធារណជនឱ្យបន្តនិងបង្កើនអនុវត្តនូវទម្លាប់ក្នុងការសន្សំ។ ជាពិសេស គឺការសន្សំជាមួយស្ថាប័នហិរញ្ញវត្ថុផ្លូវការដើម្បីទទួលបាននូវអត្ថប្រយោជន៍នានា ក៏ដូចជាចៀសវាងនូវហានិភ័យ។ លោក សុខ វឿន ក៏សូមចាប់ផ្តើមបណ្តុះនូវទម្លាប់សន្សំប្រាក់នេះដល់កុមារឬក្មេងតូចៗ ឱ្យឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យគាត់មានបំណិនជីវិតដ៏សំខាន់មួយនេះ។ការគ្រប់គ្រងហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាព គួរតែចាប់ផ្តើមដោយការដាក់ប្រាក់សន្សំទុក មុននឹងចាត់ចែងការចំណាយ៕