រដ្ឋាភិបាល កំពុងរៀបចំសេចក្តីព្រាងច្បាប់និងគោលនយោបាយចំនួន៥ទៀត ដើម្បីជំរុញវិស័យឌីជីថលនៅកម្ពុជា
Posted by -
Phoung Somphors
Published on -
14/11/2022 10:46 AM

ភ្នំពេញ៖ ដើម្បីជំរុញការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជារដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយសំខាន់ៗ ជាអាទិ៍ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល គោលនយោបាយរដ្ឋាភិបាលឌីជីថលនិងគោលនយោបាយអភិវឌ្ឍវិស័យប្រៃសណីយ៍។ ផ្តើមចេញពីគោលនយោបាយទាំងនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាននិងកំពុងសិក្សារៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ចំនួន៥បន្ថែមទៀត ដែលបានបញ្ចប់ការរៀបចំនិងត្រៀមបញ្ចប់ការរៀបចំ។

បើតាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី០៤​ វិច្ឆិកានេះ បានឱ្យដឹងថា សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឌីជីថល (Draft National Digital Development Policy) ត្រូវបានក្រសួងបញ្ជូនទៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីបន្តនីតិវិធីនៃការអនុម័តហើយ។ ជាមួយគ្នានេះ សេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ (Draft Cybersecurity Law) ក៏បានបញ្ចប់ការរៀបចំរួចរាល់ដូចគ្នាហើយបានផ្ញើជូនក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីស្នើសុំធាតុចូលបន្ថែមទៅលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ។ ក្រសួងប្រៃសណីយ៍ បានឱ្យដឹងទៀតថា មកដល់ពេលនេះក្រសួង បានបានទទួលធាតុចូលជាបន្តបន្ទាប់ ហើយគ្រោងនឹងទទួលយកធាតុចូលពីស្ថាប័ននានាបន្ថែមទៀតរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ចំណែក សេចក្តីព្រាងច្បាប់ស្តីពីសេវាប្រៃសណីយ៍ (Draft Postal Service Law) បានបញ្ចប់ការរៀបចំ ហើយបានដាក់ទៅក្រសួង ស្ថាប័ននិងភាគីពាក់ព័ន្ធ ព្រមទាំងបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយផងដែរ។ ចំពោះ សេចក្តីព្រាងដំបូងនៃច្បាប់ស្តីពីការការពារទិន្នន័យបុគ្គល (Draft Personal Data Protection Law) ក៏ត្រូវបានបញ្ចប់ដូចគ្នាហើយក្រសួងប្រៃសណីយ៍គ្រោងនឹងរៀបចំការពិភាក្សាផ្ទៃក្នុងក្រសួង នាពេលខាងមុខ មុននឹងផ្ញើទៅជូនក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីស្នើសុំធាតុចូលបន្ថែមទៅលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ។

ដោយឡែក សេចក្តីព្រាងគោលនយោបាយបច្ចេកវិទ្យាក្លោដអាទិភាព(Cloud First Policy) បាននិងកំពុងបន្តរៀបចំ។ សេចក្តីព្រាងនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការនិងពិគ្រោះយោបល់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗក្នុងគោលដៅរៀបចំយុទ្ធសាស្ត្រនិងការវិនិយោគលើបច្ចេកវិទ្យាក្លោដ ដែលអាចគាំទ្រដល់ការផ្តល់សេវាឆាប់រហ័សមានប្រសិទ្ធភាព តម្លាភាព និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236