បណ្ឌិត អ៊ិន ចាន់នី អំពាវនាវឱ្យពលរដ្ឋសន្សំប្រាក់ ទោះតិចក្តីប្រសើរជាងមិនបានសន្សំសោះ
ភ្នំពេញ៖ លោកបណ្ឌិត អ៊ិន ចាន់នី សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា លើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ងាកមកប្រើប្រាស់សេវាសន្សំនៅតាមគ្រឹះស្ថានធនាគារផ្លូវការ។ ការដាក់ប្រាក់សន្សំនេះអាចអាចយកប្រាក់សន្សំនេះទៅធ្វើជាទ្រព្យធានានិងមានគុណវុឌ្ឍិក្នុងការខ្ចីប្រាក់។
បណ្ឌិត អ៊ិន ចាន់នី សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី លើកទឹកចិត្តឱ្យពលដ្ឋគិតគូរពីការសន្សំប្រាក់ ទោះជាច្រើនក្តីតិចក្តី សន្សំតិចប្រសើរជាងមិនបានសន្សំ។ ការដាក់ប្រាក់សន្សំនេះលោកបណ្ឌិត អ៊ិន ចាន់នី បញ្ជាក់ថា ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗដូចជាអត្រាការប្រាក់ប្រគួតប្រជែង សុវត្ថិភាព និងមានការពារពីហានិភ័យផ្សេងៗជាពិសេសគឺអាចយកប្រាក់សន្សំនេះទៅធ្វើជាទ្រព្យធានា និងមានគុណវុឌ្ឍិក្នុងការខ្ចីឥណទាន។
ថ្លែងក្នុងទិវាសន្សំអាស៊ានឆ្នាំ ២០២២ នៅខេត្តសៀមរាប កាលពីថ្ងៃទី៣១ តុលាកន្លងទៅ ក្រោមប្រធានបទ៖«សន្សំតិចប្រសើរជាងមិនបានសន្សំ» បណ្ឌិតអ៊ិន ចាន់នី ថា ការសន្សំប្រាក់នៅតាមគ្រឹះស្ថានធនាគារចូលរួមចំណែក្នុងការដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយគ្រឹះស្ថានធនាគារ។ ការសន្សំនេះ ដើម្បីបន្តផ្តល់ជាទុនអ្នកដែលមានតម្រូវការចាប់ផ្តើមនិងពង្រីកមុខរបរអាជីវកម្ម ដែលនាំឲ្យមានតម្រូវការធនធានមនុស្ស និងបន្តចូលរួមចំណែកផ្តល់ការងារដល់ប្រជាជនកម្ពុជាកាត់បន្ថយអត្រាអត់ការងារធ្វើ និងបង្កើនប្រាក់ចំណូលរបស់ពួកគេដែលជាការចូលរួមចំណែកដល់ការពង្រឹង និងការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
ទន្ទឹមនឹងនេះ បណ្ឌិត អ៊ិន ចាន់នី អំពាវនាវដល់សមាជិកគ្រឹះស្ថានធនាគារនៃសមាគមធនាគារនៅកម្ពុជាផងដែរ ក្នុងការចូលរួមបង្កើត និងពង្រីកយន្តការផលិតផលនិងសេវាសន្សំប្រាក់ដែលមាននវានុវត្តន៍ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជននិងសម្រួលដល់ការសន្សំប្រាក់របស់ប្រជាពលរដ្ឋកម្ពុជា និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋមកដាក់ប្រាក់សន្សំនៅគ្រឹះស្ថានធនាគារផ្លូវការ។
សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា រូបនេះ បានឱ្យដឹងផងដែរថា ការរីកចម្រើននៅក្នុងវិស័យធនាគារ និងបច្ចេកវិជ្ជាទំនើបប្រជាពលរដ្ឋខ្មែរចាប់ផ្តើមងាកមកសន្សំនៅតាមគ្រឹះស្ថានធនាគារដែលនាំឲ្យការសន្សំនៅគ្រឹះស្ថានធនាគារ មានការកើនឡើងគួរឲ្យកត់សម្គាល់ ចំនួន៩៥៤,៨លានដុល្លារ នៅឆ្នាំ២០០៥ កើនឡើងដល់ចំនួន ៣៥ ៥១៩,៧លានដុល្លារ នៅឆ្នាំ២០២១ ដែលមានកំណើនជាមធ្យមចំនួន២៥%។
បើយោងតាមរបាយការណ៍ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិ នៃកម្ពុជា ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារបានកើនឡើងជាង ១៦% ឬប្រមាណ ៦៥ ប៊ីលានដុល្លារអាមេរិក ដែលឥណទានអតិថិជនកើនឡើង ២២% ដែលគិតជាទឹកប្រាក់ប្រមាណ ៤២ ប៊ីលានដុល្លារអាមេរិក ដោយមានចំនួន ១,៤លានគណនី។ ក្នុងនោះ ប្រាក់បញ្ញើអតិថិជនក៏បានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរជាមួយនឹងកំណើនជិត ១៦% ឬប្រមាណ ៣៨ ប៊ីលានដុល្លារអាមេរិក ដោយចំនួនគណនីប្រាក់បញ្ញើអតិថិជនបានកើនឡើងដល់ ១០,៦លានគណនី នៅក្នុងវិស័យធនាគារ៕