វៀតណាម ផ្តល់អាហារូបករណ៍អនុបណ្ឌិតផ្នែកសន្តិសុខសាយប័រនិងបច្ចេកវិទ្យាឌីជីថល ឱ្យកម្ពុជា
ភ្នំពេញ៖ ក្រសួងព័ត៌មាន និងគមនាគមន៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្តល់អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ កម្មវិធីសិក្សាអន្តរជាតិជាភាសាអង់គ្លេសដល់ជាមន្ត្រីរាជការ ឬសាធារណជនទូទៅរបស់កម្ពុជាចំនួន ៦កន្លែង។ មុខជំនាញដែលផ្តល់ជូននោះសិក្សាលើជំនាញសន្តិសុខសាយប័រ ចំនួន ៣កន្លែង និង ៣កន្លែងទៀត គឺជំនាញបច្ចេកវិទ្យាឌីជីថលដែលសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍និងទូរគមនាគមន៍ដែលជាវិទ្យាស្ថានដ៏ល្បីមួយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
បើតាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការផ្តល់អាហារូបករណ៍នេះ គឺធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។ អាហារូបករណ៍ដែលវៀតណាមឱ្យនេះ ទទួលបានការរ៉ាប់រងបង់ថ្លៃសិក្សា ១០០% នៃថ្លៃសិក្សាសរុបរហូតចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ព្រមទាំងប្រាក់ឧបត្ថម្ភថ្លៃអាហារ ស្នាក់នៅ និងសំបុត្រយន្តហោះទៅ-មក។
លក្ខខណ្ឌក្នុងការជ្រើសរើសជាមន្ត្រីរាជការ ឬសាធារណជនទូទៅដែលមានសញ្ជាតិខ្មែរ និងគុណវុឌ្ឍក្នុងការសិក្សា។ មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជំនាញពាក់ព័ន្ធនឹងសន្តិសុខសាយប័រនិងបច្ចេកវិទ្យាឌីជីថល, អាយុមិនលើសពី៤៥ឆ្នាំ, បទពិសោធការងារយ៉ាងតិច ២ឆ្នាំ និងមានចំណេះដឹងភាសាអង់គ្លេសល្អគ្រប់គ្រាន់ជាដើម។
មន្ត្រីរាជការនិងសាធារណជនទាំងអស់ ដែលមានចំណាប់អារម្មណ៍អាចបំពេញបែបបទដាក់ពាក្យស្នើសុំអាហារូបករណ៍តាមរយៈ QR Code ខាងក្រោមរួចផ្ញើមកនាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាលនៃអគ្គនាយកដ្ឋានរដ្ឋបាលចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមន្រ្តីទទួលបន្ទុកតាមរយៈទូរសព្ទលេខ ០៨១ ៨១៨ ៧៨២ / ០១២ ៧៣១ ៦៩០ ឬអ៊ីម៉ែល hr@mptc.gov.kh ៕