រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយជាង៥១លានដុល្លារ ដល់កម្ពុជា អនុវត្តគម្រោងចំនួន៤
Posted by -
Phoung Somphors
Published on -
14/11/2022 11:25 AM

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៥១,៣លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន៤ ទាក់ទងនឹងសម្មភាពកម្ចាត់មីន, អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម, កែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្រ្ត និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។ ការផ្តល់ហិរញ្ញប្បទាននេះ ធ្វើឡើងក្រោយក្រោយជំនួបទ្វេភាគីរវាងសម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន នៅសណ្ឋាគារសុខាភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម កាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន។

គម្រោងដែលជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងទាំង៤នេះ​ រួមមាន៖ គម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលមានទឹកប្រាក់ចំនួនប្រមាណ ១៧លានដុល្លារ។ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដែលមានទឹកប្រាក់ចំនួនប្រមាណ ៨លានដុល្លារ។ គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ដែលអាចចម្លងមេរោគដែលមានទឹកប្រាក់ចំនួនប្រមាណ ៣លានដុល្លារ និងគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរោងចក្រ ភូមិព្រែក ប្រមាណ ២៣,៣ដុល្លារ។

ជាមួយគ្នានេះ ឯកឧត្ត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងចំនួន០៣ខាងលើ ដែលអនុវត្តដោយ JICA ជាមួយលោកស្រី កាមេ ហារូកុ (KAME Haruko ប្រធានការិយាល័យទីភ្នាក់ងារកិច្ចសហប្រតិបត្តិការជប៉ុន (JICA) ប្រចាំកម្ពុជា។ ការអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រុមហ៊ុន Toyota Tsusho Corporation ជាមួយលោក(តូហ្ស៉ីមីតស៊ូ អ៉ីម៉ៃ) Toshimitsu Imal អគ្គនាយករងប្រតិបត្តិក្រុមហ៊ុន Toyota Tsusho Corporation។

ហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះនឹងរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ នេះបើតាមទំព័រហ្វេសបុករបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236