ក្រសួងប្រេសណីយ៍ ឱ្យម្ចាស់បុរីឈប់ទារលុយជាថ្នូរឱ្យតភ្ជាប់សេវាអ៊ីនធឺណិតដល់អ្នកប្រើប្រាស់
Posted by -
Phoung Somphors
Published on -
7/12/2022 4:37 PM

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្នើឲ្យម្ចាស់បុរីនិងអគារសហកម្មសិទ្ធិមួយចំនួន ត្រូវបញ្ឈប់ការទារលុយជាថ្នូរ និងអនុញ្ញាតឲ្យក្រុមការងារចូលតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតជូនអ្នកប្រើប្រាស់។បន្ថែមពីនេះ ត្រូវបញ្ឈប់ប្រតិបត្តិការផ្តល់សេវាអ៊ីនធឺណិតដោយខ្លួនឯង​ និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជានៅក្នុងបុរី និងអគារសហកម្មសិទ្ធិទៀត។

បើតាមសេចក្តីអំពាវនាវរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃទី១១ ខែវិច្ឆិកានេះ ការស្នើឲ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិបញ្ឈប់សកម្មភាពបែបនេះ​ គឺបន្ទាប់ពីក្រសួងទទួលបានដំណឹងពីក្រុមការងារលើកកម្ពស់គុណភាពសេវាតាមបុរីនៅភ្នំពេញចំនួន៨ក្រុម ដែលបានចុះពង្រឹងគុណភាពសេវាទូរគមនាគមន៍តាមបុរី និងអគារសហកម្មសិទ្ធិកន្លងមកជួបប្រទះនូវឧបសគ្គមួយចំនួនដែលធ្វើឲ្យមានការលំបាកក្នុងការតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតចូលក្នុងបុរីនឹងអគារសហកម្មសិទ្ធិ។

ក្នុងករណីម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួននៅតែបន្តធ្វើសកម្មភាពខាងលើ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ចំពោះប្រតិបត្តិករទូ​រគមនាគមន៍ និងសាធារណជនដែលមានព័ត៌មានអំពីសកម្មភាពខាងលើសូមផ្តល់ព័ត៌មានមកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ Hotline៦៧៨៩ និងផ្ញើសារមកកាន់អ៊ីមែល gos@trc.gov.kh ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236