ចិនផ្តល់ជំនួយ ២៧លានដុល្លារ សម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម លី ខឹឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន អះអាងថា ចិននឹងផ្តល់ជំនួយបន្ថែមដល់កម្ពុជាទៅលើវិស័យជារួម ដែលមានទឹកប្រាក់ចំនួន ២០០លានយ័ន្ត ស្មើនឹងប្រមាណ ២៧លានដុល្លារ សម្រាប់ជួយដល់ជីវភាពប្រជាជននៅកម្ពុជា។
ក្នុងជំនួបទ្វេភាគីជាមួយនឹងសម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពកាលពីថ្ងៃទី០៩ ខែវិច្ឆិកាកន្លងទៅឯកឧត្តមនាយករដ្ឋមន្ត្រី លី ខឹឈាង បានឲ្យដឹងថា ការផ្តល់ជំនួយបន្ថែមនោះ នឹងជួយដល់ការស្តារឡើងវិញនូវបេតិកភណ្ឌកម្ពុជា បង្កើនចំនួននិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន ជួយដល់សកម្មភាពដោះមីន ជួយដល់ការរៀបចំការប្រកួតស៊ីហ្គេមនៅឆ្នាំខាងមុខ និងជួយដល់កីឡាករកីឡាការិនីកម្ពុជា ជួយដល់ការស្ថាបនាស្ពានឆ្លងទន្លេមេគង្គ ព្រមទាំងជួយដល់ការស្ថាបនាផ្លូវ ដែកតភ្ជាប់កម្ពុជា-ថៃ-ឡាវ និងប្រទេសចិន។
ជាពិសេស ជួយដល់កម្ពុជាក្នុងវិស័យកសិកម្មធ្វើយ៉ាងណាឲ្យផលិតផលកសិផលរបស់កម្ពុជា មានគុណភាពអាចនាំចេញទៅប្រទេសចិន ស្របតាមកូតាដែលប្រគល់ជូនព្រមទាំងគុណភាពសម្រាប់នាំចេញទៅក្រៅប្រទេស។
សម្តេច ហ៊ុន សែនបានថ្លែងអំណរគុណចំពោះជំនួយបន្ថែម និងបញ្ជាក់អំពីការផ្តល់ជំនួយដល់កម្ពុជា ដែលជួយកម្ពុជាឲ្យមានវឌ្ឍនភាពកាន់តែខ្លាំងឡើងថែមទៀត រួមទាំងសម្តែងនូវការស្វាគមន៍ ចំពោះនាយករដ្ឋមន្ត្រីចិន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាផងដែរ៕