ពន្ធដារ ប្រមូលពន្ធបានជាង ២៩០០លានដុល្លារ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២
ភ្នំពេញ៖ រយៈពេល១០ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួន ១១ ៩៣១,១១ ប៊ីលានរៀល (ប្រមាណជា ២ ៩៤៥,៩៥ លានដុល្លារ) ស្មើនឹង ១០៤,៤៨% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើធៀបនឹងចំណូលពន្ធ-អាករ រយៈពេលដូចគ្នា ឆ្នាំ២០២១ កើនឡើងចំនួន ២ ៥៣០,០៧ ប៊ីលានរៀល (ប្រមាណជា ៦២៤,៣១ លានដុល្លារ) ស្មើនឹង ២៦,៩៤% ។
ដោយឡែក លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងខែតុលា ឆ្នាំ២០២២នេះ បានចំនួន ១ ០២១,៦២ ប៊ីលានរៀល (ប្រមាណ ២៥២,២៥ លានដុល្លារ) ស្មើនឹង ៨,៩៥% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។បើធៀបនឹងចំណូលពន្ធ-អាករប្រចាំខែតុលា ឆ្នាំ២០២១ កើនឡើងចំនួន ១៧៩ ប៊ីលានរៀល (ប្រមាណ៤៤,២០ លានដុល្លារ) ស្មើនឹង ២១,២៤%។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែ ឆ្នាំ២០២២ ដែលចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕