ពន្ធដារ ឱ្យម្ចាស់យានយន្តគ្រប់ប្រភេទស្រូតបង់ពន្ធ ដែលផុតកំណត់ថ្ងៃទី៣០ ខែវិច្ឋិកានេះ
Posted by -
Phoung Somphors
Published on -
19/11/2022 2:51 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ច បង់ពន្ធត្រូវស្រូតដាក់លិខិតប្រកាសបង់ពន្ធឲ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ។ ក្នុងករណីដែលម្ចាស់យានយន្តមិនបានបង់ពន្ធទាន់ពេលវេលាទេនោះ នឹងត្រូវរងទោសទណ្ឌតាមច្បាប់ជាធរមាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ការក្រើនរំលឹកដល់ម្ចាស់យានយន្តនេះ​ ដោយសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ហើយ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធនៅឡើយ។ ជាមួយគ្នានេះ ម្ចាស់យានយន្តដែលត្រូវទៅបង់ពន្ធត្រូវភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្តនិងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូន។

ចំពោះកាលបរិច្ឆេទបង់ពន្ធនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ អគ្គនាយកដ្ឋានពន្ធបានបញ្ជាក់ឲ្យម្ចាស់យានយន្តទាំងអស់ត្រូវទៅបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគាររួមមាន៖ ធនាគារ កាណាឌីយ៉ា ក.អ, ធនាគារអេស៊ីលីដា, ធនាគារវឌ្ឍនៈ, ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី, ធនាគារ ជេ ត្រាស់រ៉ូយ៉ាល់, ធនាគារស្ថាបនា ភីអិលស៊ី, ធនាគារប្រៃសណីយ៍កម្ពុជាក.អ, ធនាគារ វឌ្ឍនៈអាស៊ីចំកាត់, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជានិងនៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឬតាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី AppStore ចំពោះ IOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទកន្លងមកផងដែរ។

ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូតឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានាត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។

ចំណែក យានយន្តដែលជាកម្មសិទ្ធិរបស់ក្រសួង-ស្ថាប័នឬអង្គភាពដែលត្រូវទទួលបានលតាបត្រលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ (ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ  នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

បើយោងតាមលិខិតចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់យានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ពុំអនុញ្ញាតឲ្យបង់ពន្ធលើមធ្យាបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ទេ។ ម្ចាស់យានយន្តទាំងនេះអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ បានលុះត្រាតែបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយនិងចុះបញ្ជីយានយន្តនៅក្រសួងសាធារណការនិងដឹកជញ្ជូន ឲ្យបានរួចរាល់ជាមុនសិន។

ការប្រកាសបង់ពន្ធលើយានយន្តគ្រប់ប្រភេទអនុលោមតាមប្រកាសចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំនិងសេចក្តីណែនាំចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។

អគ្គនាយកដ្ឋានពន្ធដារសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធ នេះនៅតាមដងផ្លូវនានាបន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236