មូលបត្រកម្ពុជា ឱ្យពលរដ្ឋប្រយ័ត្នចំពោះការដាក់ប្រាក់វិនិយោគណាមួយ ដែលឈានដល់ការឆបោក
Posted by -
Phoung Somphors
Published on -
19/11/2022 3:18 PM

ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) ស្នើឲ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការដាក់ប្រាក់ជាមួយគម្រោងណាមួយ ដែលអាចឈានទៅដល់ការឆបោក ឬជាអាជីវកម្មគម្រោងវិនិយោគរួមដោយខុសច្បាប់។ ដើម្បីការពារទ្រព្យសម្បត្តិ ផលប្រយោជន៍និងចៀសវាងពីការបោកប្រាស់របស់ជនខិលខូចក្រោមរូបភាពណាមួយ ហើយធ្វើឲ្យប៉ះពាល់ទំនុកចិត្តរបស់សាធារណជនលើអាជីវកម្មគម្រោងវិនិយោគ ដែលជាប្រភេទមួយនៃមូលបត្រដែលនឹងដាក់ឲ្យបោះផ្សាយក្នុងពេលខាងមុខ។

បើតាមសេចក្តីជូនដំណឹងរបស់និយ័តករមូលបត្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅ បានឲ្យដឹងថា នាពេលថ្មីៗនេះ មានអង្គការ សមាគមក្រុមហ៊ុន និងបុគ្គលមួយចំនួន កំពុងបន្តផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញបណ្តាញសង្គមហ្វេសប៊ុក និងក្នុងក្រុមតេឡេក្រាម ដើម្បីកៀរគរសាធារណជនឲ្យចូលជាសមាជិក ឬដាក់ប្រាក់វិនិយោគដោយផ្ទាល់ ឬតាមរយៈគណនីធនាគារ នៅក្នុងគម្រោងនានាដោយសន្យាផ្តល់មកវិញជាផលតបស្នង ឬប្រាក់ចំណេញប្រចាំខែខ្ពស់ខុសពីធម្មតា។

ករណីនេះ និយ័តករមូលបត្រកម្ពុជានិងថ្កោលទោសបុគ្គលទាំងឡាយណា ដែលមានចេតនាទុច្ចរិតប្រមូលប្រាក់ពីសាធារណជនដោយខុសច្បាប់។ លើសពីនេះ និយ័តករមូលបត្រកម្ពុជា ក៏កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមានលើអង្គការ សមាគម ក្រុមហ៊ុននិងបុគ្គលដែលល្មើសច្បាប់ទាំងនោះ។

ចំពោះ ការប្រមូលប្រាក់ពីសាធារណជន ដើម្បីយកទៅវិនិយោគលើគម្រោងវិនិយោគណាមួយជាក់លាក់ ហើយយកប្រាក់ចំណេញដែលទទួលបានមកបែងចែកដល់អ្នកដាក់ប្រាក់វិនិយោគនោះ គឺជាគម្រោងវិនិយោគរួមដែលជាប្រភេទមួយនៃមូលបត្រដោយត្រូវមានអាជ្ញាបណ្ណជាមុនពីនិយ័តករមូលបត្រកម្ពុជា។

ដោយឡែក ការប្រមូលប្រាក់ពីសាធារណជនយកទៅមិនដឹងវិនិយោគលើគម្រោងអ្វី ហើយផ្តល់ផលប្រយោជន៍ឲ្យមកវិញនូវប្រាក់ចំណេញក្នុងអត្រាខ្ពស់ខុសពីធម្មតា ដែលអាចជារូបភាពប្រមូលប្រាក់ពីអ្នកថ្មីទៅផ្តល់ឲ្យអ្នកមុនៗ ហើយអ្នកដាក់ប្រាក់មុនៗអាចទទួលបានប្រាក់មកវិញចំណែកឯអ្នកដាក់ប្រាក់ក្រោយៗ វិញតែងតែប្រឈមនឹងការបាត់បង់ប្រាក់របស់ខ្លួនទាំងស្រុងនៅពេលរកលែងបានអ្នកដាក់ប្រាក់ថ្មីបន្តទៀត។ គម្រោងប្រភេទនេះនឹងដួលរលំក្នុងរយៈពេលខ្លីទោះបីអ្នកដាក់ប្រាក់មុនបានទទួលប្រាក់ចំណូលមកក៏ពិតមែន ប៉ុន្តែអ្នកដាក់ប្រាក់បន្តក្រោយៗនឹងរងការខាតបង់ទាំងស្រុង។

ដូច្នេះ ប្រសិនបើសាធារណជនបានទទួលដំណឹងពីករណីខាងលើ សូមផ្តល់ព័ត៌មានមកនិយ័តករមូលបត្រកម្ពុជាតាមទូរសព្ទលេខ ០២៣ ៨៨៥ ៦៦១ អ៊ីម៉ែល investigation@serc.gob.kh ឬនៅទីស្នាក់ការនិយ័តករមូលបត្រកម្ពុជាដែលមានទីតាំងស្ថិតនៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236