រដ្ឋាភិបាលខ្ចីលុយ AFD ១២លានដុល្លារ សាងសង់សាលាវិជ្ជាជីវៈទេសចរណ៍នៅភ្នំពេញ និងខេត្តព្រះសីហនុ
Posted by -
Phoung Somphors
Published on -
21/11/2022 5:14 PM

ភ្នំពេញ៖ ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានផ្តល់កម្ចីហិរញ្ញប្បទាន ចំនួន ១១លានអឺរ៉ូ (ប្រហែល ១២លានដុល្លារ) ដល់គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ (VST) ២កន្លែងនៅភ្នំពេញ និងខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះ ADF ក៏បានផ្តល់ហិរញ្ញប្បទានឥតសំណង ១,៥ លានអឺរ៉ូដល់ការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) ផងដែរ។

នាជំនួបពិភាក្សាការងារជាមួយលោកស្រី Boucher Sandrine ដែលទទួលបានការតែងតាំងជានាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) នៅក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បញ្ជាក់ថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍គ្រោង នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ថោងខុន ក៏បានលើកឡើងពីស្ថានភាពទេសចរណ៍ប្រទេសកម្ពុជា គោលនយោបាយនិងផែនការយុទ្ធសាស្ត្រនានាក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជារួមទាំងផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ និងវិធានការនានារបស់រដ្ឋាភិបាលក៏ដូចជាក្រសួងទេសចរណ៍ក្នុងការទប់ស្កាត់វិបត្តិ បង្កើតភាពធននិងការស្តារឡើងវិញក្រោយវិបត្តិ ជម្រាបជូនដល់លោកស្រី Boucher Sandrine ដែរ។

ជាមួយគ្នានេះ លោកស្រី Boucher Sandrine បានគាំទ្រដល់ក្រសួងទេសចរណ៍ ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រនិងគោលនយោបាយនានាសម្រាប់ការស្តារ និងលើកស្ទួយដល់ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិ-១៩។ នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) រូបនេះ បានឱ្យដឹងផងដែរថា AFD នឹងបន្តគាំទ្រដល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពទាំងស្ថាប័ននិងបុគ្គលិកក្នុងវិស័យទេសចរណ៍ដូចករណីការបង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅភ្នំពេញ និងនៅខេត្តព្រះសីហនុ ហើយ AFD អាចនឹងបន្តជួយក្នុងការបង្កើតសាលាជាតិនេះនៅតាមបណ្តាខេត្តសក្តានុពលដទៃទៀតផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236