ការអនុគ្រោះថ្លៃអគ្គិសនីក្នុងវិស័យកសិកម្ម មានតាំងពីជាង១០ឆ្នាំមុន តែកសិករពុំបានដឹង!
ភ្នំពេញ៖ កសិករ ម្ចាស់កសិដ្ឋាននិងអ្នកផលិតនៅក្នុងវិស័យកសិកម្មភាគច្រើនលើសលប់ ដែលឯកឧត្តមបានជួបនៅក្នុងដំណើរចុះបេសកកម្មនិងក្នុងជំនួបជាច្រើន ពុំបានដឹងអំពីគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីនេះទេដែលជាហេតុធ្វើឱ្យពួកគាត់មិនអាចចំណេញច្រើន។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា នៅក្នុងកិច្ចសន្ទនាដែលរៀបចំនៅថ្ងៃទី១៤ខែវិច្ឆិកានេះ នៅទីស្ដីការក្រសួងកសិកម្ម។
តាមរយៈកិច្ចសន្ទនាស្ដីពី«ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម»នេះ ត្រូវបានឯកឧត្តម ឌិត ទីណា សង្ឃឹមយ៉ាងមុតមាំថា អ្នកប្រកបរបរនៅក្នុងវិស័យកសិកម្មដែលចូលរួមនៅក្នុងកិច្ចសន្ទនានេះនឹងបានយល់ដឹងកាន់តែច្បាស់អំពីគោលនយោបាយអនុគ្រោះថ្លៃអគ្គសិនីសម្រាប់វិស័យកសិកម្ម ហើយឈានដល់ការអនុវត្តឲ្យបានពេញលេញនូវការអនុគ្រោះថ្លៃអគ្គិសនីនេះ។ ការអនុគ្រោះថ្លៃអគ្គិសនីនេះ បានពេញលេញ និងអាចកាត់បន្ថយការចំណាយ ហើយជួយឱ្យកសិករទទួលបានផលចំណេញច្រើនជាងមុន។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលបានចាត់ទុកអ្នកប្រកបរបរកសិកម្មថា ជាអ្នកក្លាហាន។ សម្រាប់ឯកឧត្តម ស៊ុយ សែមវិស័យកសិកម្ម ជាវិស័យមួយដែលមានបញ្ហាប្រឈមច្រើន និងត្រូវចាយទុនខ្ពស់។ ហេតុនេះហើយទើបរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់និងចាត់ទុកវិស័យកសិកម្មជាវិស័យស្នូល។ បើតាម ឯកឧត្តម ស៊ុយ សែមចាប់តាំងពីឆ្នាំ២០២១មក រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនី សម្រាប់វិស័យកសិកម្មដែលមានតម្លៃទាបជាងការប្រើប្រាស់អគ្គិសនីប្រភេទផ្សេងៗ។
ថ្លៃអគ្គិសនីអនុគ្រោះនេះ បង់ត្រឹមតែ ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើប្រាស់អគ្គិសនីក្នុងវិស័យកសិកម្មនៅពេលថ្ងៃនិងយប់ ជាពិសេសនៅពេលយប់ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក។ តម្លៃអគ្គិសនីអនុគ្រោះនេះ ត្រូវបានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា សង្កត់ធ្ងន់ថា ជាតម្លៃដែលរាជរដ្ឋាភិបាលឧបត្ថម្ភធនមានន័យថា រាជរដ្ឋាភិបាលលក់ភ្លើងក្នុងតម្លៃខាត ដែលថ្លៃដើមអគ្គិសនីក្នុងពេលបច្ចុប្បន្នមានតម្លៃប្រមាណ១ពាន់រៀលក្នុង១គីឡូវ៉ាត់ម៉ោង។
លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានជំរុញលើកទឹកចិត្តឱ្យបងប្អូនកសិករ អ្នកផលិត អ្នកចិញ្ចឹមសត្វអនុវត្តគោលនយោបាយអនុគ្រោះអគ្គិសនីសម្រាប់វិស័យកសិកម្មឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមនិងបង្កើនផលចំណេញ។
ជាមួយគ្នានេះ អគ្គនាយកអគ្គិសនីកម្ពុជា និងប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានប្រកាសការរង់ចាំសហការជាមួយបងប្អូនក្នុងវិស័យកសិកម្ម ក្នុងការដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការភ្ជាប់បណ្តាញអគ្គិសិនី ដែលមានការអនុគ្រោះថ្លៃ។
ចំពោះព័ត៌មានបន្ថែម បងប្អូនកសិករ អ្នកផលិតអ្នកចិញ្ចឹមសត្វ និងអ្នកដែលធ្វើការក្នុងវិស័យកសិកម្មទាំងអស់អាចទាក់ទងសួរព័ត៌មានបន្ថែមតាមរយៈ លេខទូរសព្ទ ០៧៧ ២២២ ០១២ និង ០៩០ ៩០៣ ៣១១ ឬអាចទាក់ទងតាមរយៈ Facebook របស់អគ្គិសនីកម្ពុជា៕