ARDB ផ្តល់កម្ចី១០លានដុល្លារបន្ថែម ដល់រោងម៉ាស៊ីនកិនស្រូវឱ្យជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ
ភ្នំពេញ៖ ដើម្បីជំរុញការប្រមូលទិញស្រូវពីកសិករឱ្យទាន់ពេលវេលានិងរក្សាតម្លៃស្រូវដល់កសិករ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្ដល់ថវិកាចំនួន១០លានដុល្លារបន្ថែម លើមូលនិធិដែលមានស្រាប់សម្រាប់ទិញស្រូវចំនួន៨៣លានដុល្លារ របស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)។ ការផ្តល់កម្ចីរបស់ ARDB សរុបចំនួន៩៣លានដុល្លារនេះ គឺគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវនិងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្របចៀលវាងការទិញទម្លាក់តម្លៃពីឈ្មួញមួយចំនួន។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម កាលពីថ្ងៃទី២០ ខែវិច្ឆិកា រយៈពេលប៉ុន្មានថ្ងៃមកនេះ តម្លៃស្រូវមានការប្រែប្រួលគួរឲ្យកត់សម្គាល់ នៅតាមបណ្តាខេត្តផលិតស្រូវមួយចំនួនមានខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីរដូវប្រមូលផលធំហើយមានការច្រូតកាត់ព្រមគ្នាជាហេតុធ្វើឲ្យបរិមាណស្រូវដែលត្រូវលក់មានចំនួនច្រើនក្នុងពេលតែមួយ។
ការណ៍នេះ ធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវមិនអាចប្រមូលទិញស្រូវទាំងអស់នោះបានទេដែលនាំឲ្យតម្លៃស្រូវមានការប្រែប្រួល និងធ្លាក់ចុះ បើធៀបទៅនឹងដើមរដូវ។ ដូច្នេះ ទើបធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម អំពាវនាវឲ្យប្រជាកសិករតាមតំបន់ដែលត្រូវប្រមូលផលស្រូវដាក់កម្មវិធីច្រូតកាត់ជាមួយរោងម៉ាស៊ីនកិនស្រូវក្នុងតំបន់របស់ខ្លួនដើម្បីជៀសវាងប្រមូលផលស្រូវក្នុងពេលតែមួយព្រមគ្នាដែលអាចបណ្តាលឲ្យមានការបង្អាប់ថ្លៃស្រូវ៕