CDC អនុម័តឲ្យក្រុមចំនួន៦ បោះទុន២៥៥,៦លានដុល្លារ ក្នុងរាជធានី-ខេត្តចំនួន១៦ ដែលបង្កើតការងារជិត៥ពាន់កន្លែង
Posted by -
Phoung Somphors
Published on -
7/12/2022 4:37 PM

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៦បោះទុនប្រមាណ ២៥៥,៦លានដុល្លារ ដើម្បីបង្កើតរោងចក្រនិងគម្រោងសាងសង់ នៅរាជធានី-ខេត្តចំនួន១៦ ដែលអាចបង្កើតការងារបានប្រមាណ ៤៩៥៤កន្លែង។

បើតាម CDC នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន២គម្រោងបង្កើតរោងចក្រ នៅរាជធានីភ្នំពេញ។ មានក្រុមហ៊ុន Zhou Kang Shoes Co., Ltd បោះទុនចំនួន ៥,៦លានដុល្លារគម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោកខណ្ឌកំបូល រាជធានីភ្នំពេញ ដែលអាចបង្កើតការងារបានប្រមាណ ២១៤៩កន្លែង។

ចំណែកក្រុមហ៊ុន Fanmar Auto Part (Cambodia) Co., Ltd បោះទុនប្រមាណ ៥,២លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទដែលស្ថិតនៅភូមិអន្លង់គងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងអាចបង្កើតការងារបានចំនួន ១២៧កន្លែង។

ទន្ទឹមនឹងនេះគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៤ទៀត គម្រោងបង្កើតរោងចក្រ និងគម្រោងសាងសង់ នៅរាជធានី-ខេត្តចំនួន១៦ ផ្សេងៗគ្នា។ក្នុងនោះមានក្រុមហ៊ុន  Huan Hai BoLai International Investment Co., Ltd បោះទុនប្រមាណ ១៦៨លានដុល្លារគម្រោងសាងសង់អាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៩៧៥បន្ទប់ដែលស្ថិតនៅ ភូមិ៤សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងអាចបង្កើតការងារបានចំនួន ៩៥៥កន្លែង។

ចំពោះ ក្រុមហ៊ុន Green Vision Rising Co., Ltd បោះទុនចំនួន ៤៤,២លានដុល្លារគម្រោងបង្កើតរោងចក្រកែច្នៃឈើដាំគ្រប់ប្រភេទ (Veneer, Wood Pallet, Plywood…) ដែលស្ថិតនៅភូមិស្រឡៅ និងភូមិអណ្តូងច្រុះ ឃុំអំពិលស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលអាចបង្កើតការងារបានប្រមាណ ១៤១៤កន្លែង។ចំណែកក្រុមហ៊ុន Telemobile (Cambodia) Corporation (T.C.C) បោះទុនប្រមាណ២៧,៥លានដុល្លារ គម្រោងសាងសង់ ដំឡើងនិងប្រតិបត្តិការបង្គោលអង់តែនទូរគមនាគមន៍ដែលស្ថិតនៅរាជធានីភ្នំពេញ បាត់ដំបងកំពង់ចាម កំពង់ស្ពឺ កំពង់ធំ  កំពត កណ្តាលកោះកុង មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប និងតាកែវនិងអាចបង្កើតការងារបានចំនួន ១០៦កន្លែង។

រីឯ ក្រុមហ៊ុន Yanling Accessories(Cambodia) Co., Ltd បោះទុនចំនួន ៥,១លានដុល្លារគម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទដែលស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានចំនួន ២០៣កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236